ព័ត៌មានទាន់ហេតុការណ៍៖

ដោតឌុយសាកថ្មទូរស័ព្ទត្រូវចរន្តភ្លើងឆក់ស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗខណៈដែលដេកលើអង្រឹងហើយដោតឌុយសាកថ្មទូរស័ព្ទ បែរជាធ្លាក់ប្រដាប់ដោតសាកថ្មនៅលើទ្រូងបណ្តាលឱ្យឆក់ស្លាប់ភ្លាមៗបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោងជាង៨ព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅផ្ទះលេខ១៧៩ ផ្លូវបេតុង ក្រុម១ ភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

  សពជនរងគ្រោះឈ្មោះ កុយ ចាន់សុខុម ភេទប្រុស អាយុ៥៨ឆ្នាំ អតីតចៅសង្កាត់ស្រះចក មានប្រពន្ធឈ្មោះ ប៉ាន់ រដ្ឋា អាយុ៦៨ឆ្នាំ មានកូនប្រុសចំនួន២នាក់ តែពួកគេមានប្រពន្ធកូនរស់នៅផ្ទះផ្សេងៗគ្នា នៅស្រុកកំណើតអស់ហើយ ហើយនៅផ្ទះកើតហេតុមានតែពីរនាក់ប្តីប្រពន្ធប៉ុណ្ណោះ។

  បើយោងតាមសម្តីស្ត្រីជាប្រពន្ធបានឱ្យដឹងថា នៅមុនពេលកើតហេតុ ប្តីរបស់គាត់ក្រោយហូបបាយពេលព្រឹករួចក៏ឡើងសម្រាន្តលើអង្រឹង ហើយដោតឌុយសាកថ្មទូរស័ព្ទ ក៏ប៉ុន្តែហ្វ្រីភ្លើងពុំមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ដោយគ្មានគម្រប ក៏ស្រាប់តែនៅពេលលើកឌុយកាន់ដោតសាកថ្មភ្លាត់ស្នៀតធ្លាក់លើទ្រូងទើបបណ្តាលឱ្យឆក់ស្លាប់ភ្លាមៗនៅកន្លែងតែម្តង។

  ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅសាកសួរនិងពិនិត្យមើលជាក់ស្តែង រួចបានទំនាក់ទំនងទៅគ្រូពេទ្យឱ្យមកយកសំណាកធ្វើតេស្ត ជាលទ្ធផលអវិជ្ជមានកូវីដ-១៩ ទើបសមត្ថកិច្ចធ្វើកំណត់ហេតុរួចរាល់ហើយ ក៏ប្រគល់សពជូនក្រុមគ្រួសារចាត់ចែងដឹកសពយកទៅធ្វើបុណ្យនៅឯស្រុកកំណើតខេត្តស្វាយរៀង៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖