ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល ប្រកាសហាមឃាត់ការចែកចាយ លក់ និងធ្វើតេស្តរហ័សរកអង់ទីគ័រការពារជំងឺកូវីដ-១៩ ដោយប្រើប្រាស់តេស្តរហ័សគ្មានបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជូនព័ត៌មានដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា មានគណនីហ្វេសប៊ុកចំនួន៤ គឺ១-បងប្រុសទីពីរ, ២-Long Kuchinika Pol, ៣-Srey Nit, ៤. TMS-Trust Medical Services បាននិងកំពុងផ្សព្វផ្សាយលក់តេស្ដរហ័សរកអង់ទីគ័រការពារជំងឺកូវីដ-១៩ គ្មានលេខបញ្ចិកា និងពុំមានការទទួលស្គាល់ពីក្រសួងសុខាភិបាល និងក៏មានសេវាសុខាភិបាលឯកជនមួយចំនួនទៀត ក៏កំពុងយក ឧបករណ៍ទាំងនេះទៅធ្វើតេស្តជូនប្រជាពលរដ្ឋយ៉ាងអនាធិបតេយ្យ។ ដូចនេះ ក្រសួងសុខាភិបាល សូមជម្រាប ជូនដល់សាធារណជនទាំងអស់ជ្រាបថា តេស្ដរហ័សរកអង់ទីគ័រការពារជំងឺកូវីដ-១៩ ដែលកំពុងចរាចរខាងលើ នេះ គឺពុំមានការ ចុះបញ្ជិកាពីក្រសួងសុខាភិបាលនៅឡើយ ហើយក៏ពុំទាន់មានការទទួលស្គាល់ពីអង្គការសុខភាព ពិភពលោក (WHO) នៅឡើយដែរ ហើយលទ្ធផលដែលបានមកពីការប្រើប្រាស់តេស្តទាំងនេះ គឺមិនអាចជឿ ជាក់បានឡើយ។

អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ តម្រូវ ឱ្យរាល់ការចរាចរឧបករណ៍បរិក្ខារពេទ្យ ក៏ដូចជាតេស្តរហ័សគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខ ទិដ្ឋាការ ឬបញ្ចិកាពីក្រសួងសុខាភិបាល ហើយរាល់ការផ្សព្វផ្សាយផលិតផលទាំងអស់នោះ ត្រូវមានការអនុញ្ញាតពី ក្រសួងសុខាភិបាល និងច្បាប់ស្តីពីការគ្រប់គ្រងលើការប្រកបវិជ្ជាជីវៈឯកជន ក្នុងវិស័យវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និង ជំនួយវេជ្ជសាស្ត្រ តម្រូវឱ្យរាល់ការវិភាគវេជ្ជសាស្ត្រ ក៏ដូចជាការធ្វើតេស្តគ្រប់ប្រភេទ ត្រូវមានច្បាប់អនុញ្ញាតពីក្រសួង សុខាភិបាល និងត្រូវគោរពឱ្យបានត្រឹមត្រូវនូវក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ ដែលមិនត្រូវចេញលទ្ធផលវិភាគណាដែល ខុសពីលក្ខណៈបច្ចេកទេសឡើយ។ ក្នុងន័យនេះ ក្រសួងសុខាភិបាលតម្រូវឱ្យបុគ្គលទាំងអស់ និងម្ចាស់សេវា សុខាភិបាលឯកជនទាំងអស់ត្រូវបញ្ឈប់ការផ្សព្វផ្សាយ ឬលក់ ឬប្រើប្រាស់តេស្តរហ័សទាំងនេះជាបន្ទាន់។

ដើម្បីជៀសវាងនូវការខាតបង់ប្រាក់កាស និងបង្កឱ្យមានភាពអនាធិបតេយ្យក្នុងសង្គម ដែលធ្វើប៉ះពាល់ដល់ គោលនយោបាលរបស់រាជរដ្ឋាភិបាលដែលកំពុងចាក់វ៉ាក់សាំងកូរ៉ដ-១៩ នៅទូទាំងប្រទេសនោះ ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់សាធារណជនទាំងអស់ ត្រូវឈប់ជឿលើការឃោសនាកុហក បោកប្រាស់ ភូតភរ ទាំងនោះ ដោយត្រូវបញ្ឈប់ជាបន្ទាន់ការប្រើប្រាស់តេស្តរហ័សរកអង់ទីគ័រការពារជំងឺកូដ-១៩ គ្មានលេខបញ្ជិកាពីក្រសួង សុខាភិបាល ដែលកំពុងផ្សព្វផ្សាយលក់ ដោយគណនីបណ្តាញសង្គមខាងលើ និងគណនី ឬជនពាក់ព័ន្ឋដទៃទៀត និងបញ្ឈប់ការទៅធ្វើតេស្តតាមសេវាសុខាភិបាលឯកជននានាជាបន្តទៀត ព្រោះតេស្តរហ័សទាំងនោះពុំមានប្រភព ច្បាស់លាស់ ដែលមិនអាចធានាបាននូវគុណភាព និងសុក្រឹតភាពនៃលទ្ធផលបានឡើយ។

ក្រសួងសុខាភិបាលសូមជម្រាបថាក្រោយពីចាក់វ៉ាក់សាំងកូវីដ-១៩រួច អង្គការសុខភាពពិភពលោក (WHO) ពុំមានការណែនាំណាមួយក្នុងការធ្វើតេស្តរកអង់ទីគ័រការពារជំងឺកូដ-១៩ឡើយ។ ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ ក្រសួងសុខាភិបាលសូមអំពាវនាវយ៉ាងទទូចដល់សាធារណជនទាំងអស់មិនត្រូវនាំគ្នាទៅធ្វើតេស្ករកអង់ទីគ័រការពារ ជំងឺកូវីដ-១៩ ដោយប្រើប្រាស់ឧបករណ៍ តេស្តរហ័សខុសច្បាប់នេះជាដាច់ខាត និងត្រូវតែបន្តអនុវត្តឱ្យបាន ខ្ជាប់ខ្ជួននូវវិធានការការពារដែលបានដាក់ចេញដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ការពារ (ពាក់ម៉ាស់ លាងដៃញឹកញាប់ និងរក្សាគម្លាត សុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង) និង ៣កុំ (កុំទៅកន្លែងមានមនុស្សកុះករច្រើន កុំទៅកន្លែងបិទជិតគ្មាន ខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា)។

ក្រសួងសុខាភិបាលនឹងមានវិធានការយ៉ាងតឹងរឹងបំផុត ចំពោះសេវាសុខាភិបាលឯកជនណាដែលនៅតែ ឆ្លៀតឱកាសប្រើប្រាស់ឧបករណ៍តេស្តរហ័សរកអង់ទីគ័រការពារជំងឺកូវីដ-១៩នេះ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ បងប្រុសទីពីរ , Lang Kuchirika Pol, Srey Nik និងTMS-Trust Medical Services ព្រមទាំងជនពាក់ព័ន្ធដទៃ ទៀតដែលបាន និងកំពុងបន្តផ្សព្វផ្សាយ ឬលក់តេស្តរហ័សទាំងនេះទៅតាមច្បាប់ដែលមានជាធរមាន។

ក្នុងករណីបងប្អូនសាធារណជនត្រូវការព័ត៌មានបន្ថែមសូមទំនាក់ទំនងមកនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាងនៃក្រសួងសុខាភិបាល តាមរយៈទូរស័ព្ទលេខ៖ ០១២ ៣៥៥ ១៦១, ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤, ០១២ ៨៩២ ០២២, ០១៧ ៦០៦ ៦៧០០១៧ ៨៦៦ ៧៦០៕

ដោយ៖សុខ ខេមរា


ចែករំលែក៖