ក្រុមជម្រើសជាតិអ៊ុយក្រែន នឹងត្រូវប៉ះជាមួយក្រុមជម្រើសជាតិអូទ្រីសវេលាម៉ោង១១យប់នេះ ដែលក្រុមទាំង២មាន៣ពិន្ទុនៅក្នុងដៃដូចគ្នាក្នុងពូលC ហើយចាំបាច់ត្រូវការឈ្នះដូចគ្នាដើម្បីឡើងវគ្គបន្ត។ ចំណែកក្រុមជម្រើសជាតិហុល្លង់វិញមានភាគរយខ្ពស់ក្នុងការដណ្តើមកៅអីទៅកាន់វគ្គបន្ត ព្រោះក្រុមនេះមាន៦ពិន្ទុនៅក្នុងដៃរួចទៅហើយ។
យោងតាមតារាងផ្គូរផ្គងរបស់ soccerway បានបង្ហាញថា ក្រុមជម្រើសជាតិអ៊ុយក្រែនក្នុងការប្រកួតវគ្គជម្រុះយូរ៉ូ២ប្រកួតគឺចាញ់១ប្រកួត ឈ្នះ១ប្រកួត ដោយចាញ់ហុល្លង់៣ទល់២ និងឈ្នះម៉ាសេដូនៀ២ទល់១។ ៥ប្រកួតកន្លងមកអ៊ុយក្រែនឈ្នះ៣ប្រកួត ស្មើ១ប្រកួត និងចាញ់១ប្រកួត។ ចំណែកក្រុមអូទ្រីសវិញ ៥ប្រកួតកន្លងមកឈ្នះតែ១ប្រកួតប៉ុណ្ណោះ ស្មើ១ប្រកួត និងចាញ់៣ប្រកួត។ ២ប្រកួតក្នុងវគ្គជម្រុះយូរ៉ូគឺឈ្នះម៉ាសេដូនៀ៣ទល់១ និងចាញ់ហុល្លង់២ទល់០។
ប្រវត្តិជួបគ្នាសម្រាប់គូនេះ២ប្រកួតកន្លងមកគឺអូទ្រីសធ្លាប់ឈ្នះអ៊ុយក្រែន៣ទល់២ កាលពីឆ្នាំ២០១២ និងអ៊ុយក្រែនធ្លាប់ឈ្នះអូទ្រីសវិញ២ទល់១ កាលពីឆ្នាំ២០១១ ។
ចំណែកក្រុមជម្រើសជាតិហុល្លង់មានប្រៀបជាងក្រុមជម្រើសជាតិម៉ាសេដូនៀ ដោយសារហុល្លង់ជាក្រុមខ្លាំងមានប្រវត្តិប្រកួតល្អ និង២ប្រកួតក្នុងវគ្គជម្រុះមិនដែលចាញ់នៅឡើយទេ។ ហុល្លង់៥ប្រកួតចុងក្រោយគឺឈ្នះ៤ប្រកួត និងស្មើ១ប្រកួត រីឯម៉ាសេដូនៀ ៥ប្រកួតចុងក្រោយឈ្នះ២ ស្មើ១ និងចាញ់២ប្រកួត។ ប្រកួតចុងក្រោយ២ប្រកួត ម៉ាសេដូនៀចាញ់ទាំង២ប្រកួតក្នុងវគ្គជម្រុះយូរ៉ូ។
ប្រវត្តិជួបគ្នាចុងក្រោយរវាងក្រុមហុល្លង់ និងក្រុមម៉ាសេដូនៀគឺ ហុល្លង់ឈ្នះ២ប្រកួត និងស្មើគ្នា២ប្រកួត។ ក្រុមទាំង២នេះនឹងត្រូវប្រកួតគ្នានៅវេលាម៉ោង១១យប់ថ្ងៃនេះ ៕ដោយ ៖ ភារៈ
រូបថត ៖ soccerway