ព័ត៌មានទាន់ហេតុការណ៍៖

ចុះទៅរាវគ្រំធ្លាក់ក្នុងអន្លង់ជ្រៅមិនចេះហែលទឹកលង់ស្លាប់យ៉ាងសង្វេគ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានលង់ទឹកប្រឡាយស្លាប់យ៉ាងសង្វេគ នៅគ្រាដែលចុះទៅរាវគ្រំក្នុងទឹកស្ទឹង ចៃដន្យបានធ្លាក់ចូលក្នុងអន្លង់ជ្រៅគួបផ្សំមិនចេះហែលក៏លង់ស្លាប់តែម្ដង ។

ករណីលង់ទឹកបណ្ដាលឲ្យស្លាប់ខាងលើ បានកើតឡើងនារសៀលថ្ងៃអាទិត្យទី២០ ខែមិថុនាឆ្នាំ២០២១ ត្រង់ចំណុចក្នុងទឹកស្ទឹងសំឡាញ ស្ថិតនៅភូមិស្បូវរីក ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់)ឈ្មោះ តេង ឡុង ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអូរស្រាវ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ប្រភពដដែលបន្តទៀតថា មុនកើតហេតុ ជនរងគ្រោះ(តេង ឡុង)បាននាំគ្នាទៅរាវគ្រំនៅកន្លែងកើតហេតុ(ទឹកស្ទឹង)។ខណ:អ្នកទាំងឡាយរាវគ្រំបានមួយសន្ទុះ ក្រោយមកស្រាប់តែបាត់ជនរងគ្រោះមិនឃើញនៅកន្លែងរាវគ្រំនឹងគេ ក៏នាំគ្នាឆោឡោនឹងរាវរកបាតស្ទឹងឃើញបុរសខាងលើស្លាប់ក្នុងអន្លង់ជ្រៅបាត់ទៅហើយ។ បន្ទាប់មកក៏នាំគ្នារាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាននិងជំនាញចុះទៅពិនិត្យស្រាវជ្រាវលើសាកសពហើយបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយលង់ទឹកប្រាកដមែន។
សាកសពត្រូវបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖បុឹម ពិន


ចែករំលែក៖