ភ្នំពេញ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើត និងម្នាក់ទៀតរងរបួស ខណៈបើម៉ូតូឌុបគ្នាមកហូបកាហ្វេ ត្រូវរថយន្តធុនត្រាមិនចាំស្លាកលេខ បើកទៅគៀបណ្តាលឲ្យដួល បោកក្បាលនៅនឹងថ្នល់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅម៉ោង៥ និង ៥០នាទី ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ខាងមុខផ្សារព្រែកលៀប ក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថាសពមានឈ្មោះ កែវ វណ្ឌី អាយុ៤៨ឆ្នាំ មុខរបរបម្រើការងារ នៅក្រសួងសាធារណការផ្នែកខាងលូទឹក បច្ចុប្បន្នស្នាក់នៅ សង្កាត់ព្រែកលៀប មានស្រុកកំណើត នៅ ស្រុកត្រាំកក់ខេត្តតាកែវ ( ស្លាប់ )។ អ្នកឌុបមានឈ្មោះ សឹម ភៀត អាយុ៤៥ឆ្នាំ បច្ចុប្បន្នស្នាក់នៅជាមួយគ្នា មានស្រុកកំណើតនៅនៅភូមិឬស្សី ឃុំបារាយណ៍ ស្រុកត្រាំងខេត្តតាកែវ (របួសស្រាល)។បើយោងតាមប្រភពព័ត៌មានពីលោកពូឈ្មោះសឹម ភៀត អាយុ៤៥ឆ្នាំ ជាអ្នកឌុបជនរងគ្រោះ បានរៀបរាប់ឲ្យដឹងថា ដំបូងគាត់បានជិះម៉ូតូម៉ាកស៊ុយស៊ូគី វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1L-3623 ចេញពីកន្លែងធ្វើការ បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជើងមកត្បូង គោលបំណងមកហូបកាហ្វេនៅហាងមួយកន្លែង ជិតនឹងផ្សារព្រែកលៀប ខណៈមកដល់ចំណុចកើតហេតុ មុខហាងកាហ្វេគាត់ក៏បានបង្អង់ល្បឿនម៉ូតូ ឈប់រៀបនឹងចូលហាងទៅហើយ ស្រាប់តែមានរថយន្តម៉ាកធុនត្រា មិនចាំស្លាកលេខ បានធ្វើដំណើរស្របទិសពីក្រោយ មកគៀម៉ូតូជនរងគ្រោះ បណ្តាលឲ្យដួលបោកក្បាលនឹងថ្នល់ស្លាប់ ក្រោមម៉ូតូ និងម្នាក់ទៀត ត្រូវជាអ្នកឌុបរងរបួសស្រាល ចំណែកឯរថយន្តបង្ក បានបន្ថែមល្បឿនគេចខ្លួនបាត់ស្រមោល។បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌជ្រោយចង្វា បានចុះមកដល់រួចពិនិត្យសព និងឲ្យជនរងគ្រោះ ទៅដាក់ពាក្យបណ្តឹង ដើម្បីងាយស្រួលឲ្យសមត្ថកិច្ច ឆែកកាំមេរ៉ាសុវត្ថិភាព តាមរករថយន្តបង្ក និងធ្វើកំណត់ហេតុប្រគល់សព ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕
ដោយ៖ជ្រោយពេជ្រ