ព័ត៌មានទាន់ហេតុការណ៍៖

ប្រើប្រាស់គ្រឿងញៀនលើសកម្រិតយកដាវមកគំរាមថានឹងសម្លាប់អ្នកជិតខាងត្រូវសមត្ថកិច្ចក្របួចជាប់

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់​ដែលបានប្រើប្រាស់គ្រឿងញៀនលើសកម្រិត បានយកដាវមកកាប់សម្ភារអ្នកជិតខាងខូចខាតអស់មួយចំនួន រួចហើយគំរាមថានឹងសម្លាប់ចោល ធ្វើឲ្យពលរដ្ឋរស់នៅក្បែគ្នាភ័យក៏ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្ដង។ករណីនេះ បានកើតឡើងកាលពីថ្ងៃទី២០ ខែមិថុនា​ ឆ្នាំ២០២១​ វេលាម៉ោង១៩ និង៣០នាទី នៅចំណុចក្នុងបុរីពិភពថ្មី3 នៅភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល​ ខេត្តកណ្ដាល​។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ​ ស៊ន ឆៃលីម ភេទប្រុស​អាយុ២៩ឆ្នាំជនជាតិខ្មែរ មុខរបរលក់ដូរ ។ចំណែកជនសង្ស័យឈ្មោះ លី ពិទូ ភេទប្រុស​កើតឆ្នាំ១៩៩៤ ជនជាតិខ្មែរមុខរបរមិនពិត។ ជនរងគ្រោះនិងជនសង្ស័យមានទីលំនៅភូមិត្រពាំងសុក្រំ ឃុំបែកចាន​ ស្រុកអង្គស្នួល​ ខេត្តកណ្ដាល។ដោយឡែកវត្ថុតាងចាប់យករួម៖
-អាវុធកែច្ឆៃ(ដាវ)ចំនួនមួយដើមមានប្រវែង០,៩០ម៉ែត្រ។
ប្រភព​ដដែលបន្តថា នៅមុនពេលកើតហេតុ វេលាម៉ោង០៦និង៣០នាទីព្រឹក ពេលជនរងគ្រោះក្រោកពីគេង ស្រាប់តែឃើញជនសង្ស័យឈរនៅមុខផ្ទះ. ហើយបានស្រែកជេរប្រមាថលើគ្រួសារជនរងគ្រោះ បន្ទាប់ពីជេររួច ជនសង្ស័យក៏ចូលក្នុងផ្ទះវិញ។ រហូតដល់ម៉ោង១៤និង២០នាទី ជនសង្ស័យបានចេញពីក្នុងផ្ទះមកម្ដងទៀត ហើយបានស្រែកជេរប្រមាថ និងយកកែវចំនួន០១គុបចូលផ្ទះជនរងគ្រោះ បន្ទាប់មកក៏ចូលក្នុងផ្ទះវិញ។ រហូតដល់វេលាម៉ោងកើតហេតុ ពេលជនរងគ្រោះនិងក្រុមគ្រួសារកំពុងហូបបាយខាងមុខផ្ទះ ស្រាប់តែឃើញជនសង្ស័យមានកាន់ដាវមួយដើម បានដើរសំដៅមកផ្ទះរបស់ខ្លួន ភ្លាមនោះបាននាំគ្នារត់ចូលក្នុងផ្ទះហើយចាក់សោទ្វារ បន្ទាប់មកជនសង្ស័យបានស្រែកថា អញនឹងកាប់ពួកឯងឲ្យងាប់ រួចហើយជនសង្ស័យបានយកដាវកាប់តុ, ចាន និងកាប់កញ្ចក់ទ្វារផ្ទះរបស់ជនរងគ្រោះចំនួន០១ផ្ទាំង ដោយមានការភ័យខ្លាចពេក. ជនរងគ្រោះក៏រាយការណ៍មកសមត្ថកិច្ចឲ្យជួយអន្តរាគមន៍តែម្ដង។
ក្រោយពីទទួលបណ្ដឹងពីជនរងគ្រោះ ភ្លាមនោះកម្លាំងសមត្ថកិច្ចជំនាញស្រុក និងកម្លាំងប៉ុស្ដិ៍បែកចាន បានចុះដល់កន្លែងកើតហេតុហើយឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងយកមកអធិការដ្ឋាននគរបាលស្រុកដើម្បីសួរនាំនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា៖ ខ្លួនបានប្រើប្រាស់សារធាតុញៀនច្រើនលើសកម្រិត ទើបមានអារម្មណ៍វិលវល់ ហើយបានយកដាវទៅដេញកាប់ និងស្រែកគំរាមថាសម្លាប់លើគ្រួសារជនរងគ្រោះ។
ចំពោះករណីខាងលើនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធី៕

ដោយ៖ ស្អាង ជ័យ


ចែករំលែក៖