ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញកំពុងស្តារប្រឡាយលូ៥ ស្ទឹងមានជ័យដើម្បីរំដោះទឹកលិចលង់៣ខណ្ឌ បើទោះបីប្រឈមនឹងការរីករាលដាលជំងឺកូវីដ-១៩យ៉ាងណាក្ដី

ចែករំលែក៖

       ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញក្រោមការដឹកនាំរបស់លោក ឃួង ស្រេង ជាអភិបាល បើទោះបីរាជធានីភ្នំពេញបាននិងកំពុងប្រឈមមុខការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ពិតមែន ប៉ុន្តែការកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងរាជធានីភ្នំពេញ មានទាំងការស្តារប្រឡាយ លូ ការស្ថាបនាលូថ្មីៗ នៅតែបន្តធ្វើសកម្មភាព ដោយមិនមានការអាក់ខានឡើយ។  ជាក់ស្ដែងនៅថ្ងៃទី២២ មិថុនា ឆ្នាំ២០២១នេះ ក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងស្តារប្រឡាយលូ៥ ដែលមានប្រវែងជាង១គីឡូម៉ែត្រ ស្ថិតក្នុងសង្កាត់ស្ទឹងមាន ជ័យ៣ ខណ្ឌមានជ័យ ដេីម្បីបង្ហូរជំនន់ទឹកភ្លៀងនារដូវវស្សានេះកុំឱ្យហូរចូលទៅប្រឡាយបឹងទំពុននិងលិចលង់លំនៅឋានប្រជាពលរដ្ឋ។

    លោកដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹក បូមទឹក នៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី២២ មិថុនានេះថា ដោយ មានការយកចិត្តទុកដាក់និងការចង្អុលណែនាំពីលោក ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញក្នុងការដោះស្រាយការស្តារប្រពន្ធ័បង្ហូរទឹក ជាពិសេសប្រឡាយមេនៅរាជធានីភ្នំពេញ ខណ:នេះ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលមានអង្គភាពលូទឹក បូមទឹក និងស្ថានីយចម្រោះទឹកកខ្វក់ បាននិងកំពុងធ្វើសកម្មភាពស្តារប្រឡាយលូ៥ ដេីម្បីរំដោះជំនន់ទឹកភ្លៀងនារដូវវស្សានេះ និងមួយផ្នែកទៀតកុំឱ្យហូរចូលទៅប្រឡាយបឹងទំពុននិងជន់លិចលំនៅឋានប្រជាពលរដ្ឋ។

   លោកដួង ចាន់សារ៉ាត់ បានបន្តទៀតថា ប្រឡាយលូ៥ មានប្រវែងជាង១០០០ម៉ែត្រទទឹងមានទំហំពី១៥ទៅ ៣០ម៉ែត្រ ចាប់ពីប្រឡាយលូប្រាំផ្លូវវេង ស្រេងដល់ស្ថានីយបូមទឹកលូ៥ ។ ការដ្ឋាននេះបានចាប់ផ្តើមស្តារដោយប្រើប្រាស់សាឡង់កាលពីថ្ងៃទី១៩ មិថុនា ហើយគ្រោងបញ្ចប់នៅពាក់កណ្តាលខែកក្កដា ខាងមុខ។

  ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ និងខណ្ឌមានជ័យ ដោយទឹកហូរចូលប្រឡាយលូ៥ ទៅស្ថានីយលូ៥ ទើបបូមទម្លាក់ទៅប្រឡាយម័លនិងបន្តចុះទៅជើងឯក។

      លោកដួង ចាន់សារ៉ាត់ បន្តទៀតថា ប្រឡាយលូ៥នេះពោរពេញទៅដោយសំរាមនិងភក់ ពិសេសកាកអំពៅត្រូវបានប្រជាពលរដ្ឋដឹកទៅទម្លាក់ចូលក្នុងប្រឡាយនេះតែម្តង។ដូច្នេះ លោកសូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋមេត្តាទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ទៅតាម ទីតាំងដែលក្រុមហ៊ុនប្រមូលសំរាមបានកំណត់ កុំបោះសំរាមចូលក្នុងប្រឡាយទឹក នាំបិទបាំងផ្លូវទឹកមិនអាចហូរដល់ស្ថានីយ៕

ដោយ ៖ សំរិត


ចែករំលែក៖