ខេត្តត្បូងឃ្មុំ ៖ ទោះបីកន្លងមកមានការបង្ក្រាបជាញឹកញាប់ពីកម្លាំងសមត្ថកិច្ចយ៉ាងណាក្តី ក៏នៅមានក្រុមអ្នកញៀនល្បែងលួចបេីកលេងល្បែងស៊ីសងខុសច្បាប់ដដែល ។
ជាថ្មីម្តងទៀតនៅវេលាម៉ោង១៤៖១០នាទី ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលគោកស្រុក បានដឹកនាំកម្លាំងចុះបង្ក្រាបល្បែងស៊ីសងខ្លាឃ្លោកនៅចំណុចផ្ទះឈ្មោះ ស៊ត ម៉ាប់ ភេទប្រុស ស្ថិតនៅភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។
សមត្ថកិច្ចឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីបងប្អូនប្រជាពលរដ្ឋថាមានករណីបើកលែងល្បែងស៊ីសងខុសច្បាប់នៅចំណុចខាងលេីនេះភ្លាម លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលគោកស្រុក បានដឹកនាំកម្លាំងចុះបង្ក្រាប តែនៅពេលកម្លាំងចុះទៅដល់ អ្នកញៀនល្បែងបានរត់ គេចខ្លួនបាត់អស់ បន្សល់ទុកតែវត្ថុតាងរួមមាន៖
១. ម៉ូតូឆ្លាមពណ៌ក្រហមគ្មានស្លាកលេខមួយគ្រឿង
២. ហាន់តោមួយ
៣. ចានមួយ
៤. ផ្តិលមួយ និងកម្រាលតង់មួយ។
បច្ចុប្បន្ន វត្ថុតាងខាងលើត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគោកស្រុកដើម្បីចាត់ការតាមនីតិវិធី ៕
ដោយ ៖ វណ្ណៈ