នៅថ្ងៃទី២១ខែមិថុនា ធនាគារជាតិគុយបា បានចាប់ផ្តើមអនុវត្តច្បាប់ថ្មីរបស់ធនាគារ ដែលបានប្រកាសកាលពី១០ថ្ងៃមុន គឺឈប់ទទួលប្រាក់បញ្ញើជាប្រាក់ដុល្លាររបស់អាមេរិក ។
នេះជាវិធានការដើម្បីទប់ទល់ជាមួយការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ពាណិជ្ជកម្មពីអាមេរិកប្រឆាំងប្រទេសគុយបា ធ្វើឲ្យប្រព័ន្ធធនាគារជាតិគុយបា មិនអាចធ្វើចរាចរណ៍ប្រាក់ដុល្លារជាមួយធនាគារអន្តរជាតិផ្សេងៗ។
តាមការប្រកាសរបស់ធនាគារជាតិ គុយបា BCC បានបញ្ជាក់យ៉ាងច្បាស់ថា នេះជាការសម្រេចដោយបង្ខំព្រោះតែការដាក់ទណ្ឌកម្មរបស់អាមេរិក ។ ប៉ុន្តែ BCCបញ្ជាក់ថា ការហាមប្រាមនេះមិនអនុវត្តទៅលើការផ្ទេរប្រាក់តាមគណនីនោះឡើយ ។ មានន័យថា អ្នកដែលផ្ទេរប្រាក់ពីគណនីមួយទៅកាន់គណនីមួយទៅគឺប្រើជាដុល្លារបាន។
តាមការលើកឡើងរបស់ធនាគារជាតិគុយបា ការហាមប្រាមខាងលើនឹងបញ្ចប់ក្រោយពេល សកម្មភាពចរាចរណ៍ប្រាក់ដុល្លាររបស់អាមេរិកជាមួយធនាគារជាតិដំណើរការធម្មតាវិញ។
លោកស្រី Marta Wilson ប្រធានធនាគារជាតិគុយបាបានបញ្ជាក់តាមកញ្ជក់ទូរទស្សន៍ថា ធនាគារជាតិគុយបាបានបាត់បង់ដៃគូធនាគារនៅក្រៅប្រទេស ដោយសារតែការដាក់ទណ្ឌកម្មពីអាមេរិក ។
គុយបានបានឆ្លងកាត់រយៈពេល៦ទសវត្សរ៍កន្លងមកដោយការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីអាមេរិក។ ក្នុងរយពេល៤ឆ្នាំ កាន់អំណាចរបស់អតីតប្រធានាធិបតីដូណាល់ ត្រាំ ច្បាប់ដាក់ទណ្ឌកម្មទៅលើប្រទេសគុយបា កាន់តែខ្លាំងឡើង ហើយបន្តរក្សារហូតមកទល់ពេលនេះមិនទាន់លុបចេញនៅឡើយទេ៕ដោយ៖ធីរីណា
ប្រទេសគុយបាឈប់ទទួលយកប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណដែលមានសុពលភាពនៅក្នុងប្រទេសចាប់ពីថ្ងៃទី ២១ ខែមិថុនា។ រូបភាព៖AFP