ខេត្តកណ្ដាល៖ ខ្មែរអ៊ិស្លាម២នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មដោយសារត្រូវរន្ទះបាញ់ ខណៈនាំគ្នាទៅទាក់សត្វនៅឯបឹងមួយកន្លែង កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២១ វេលាម៉ោង១៣និង៤០នាទី នៅចំណុចទំនប់សង្កែសោម ស្ថិតក្នុងភូមិពោធិតាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ ១-ឈ្មោះ ម៉ាត់ នសា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិអ៊ិស្លាម មុខរបរនេសាទ និងទី២-ឈ្មោះ ស៊េន ម៉ាអ៊ែល ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិអ៊ិស្លាម មុខរបរនេសាទ។ អ្នកទាំង២ មានទីលំនៅភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។
ប្រភពដដែលបន្តថា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៣និង ០០នាទី បុរសជាឪពុកឈ្មោះម៉ាន ស៊េន អាយុ៥៣ឆ្នាំ ជនជាតិអ៊ិស្លាម បាននាំកូនប្រសានិងកូនបង្កើតទៅវ៉ៃលប់(ទាក់សត្វ)។លុះដល់ម៉ោង១៣និង៣០នាទីនាថ្ងៃខែឆ្នាំដដែលឪពុកនិងជនរងគ្រោះទាំងពីរនាក់បាននាំគ្នាទៅវ៉ៃលប់(ទាក់សត្វ) រួចពេលនោះមានភ្លៀងនិងខ្យល់យ៉ាងខ្លាំងឪពុកនិងជនរងគ្រោះបាននាំគ្នាទៅជ្រកទឹកភ្លៀងនៅក្រោមដើមកាស្យាភ្លាមនោះក៏មានរន្ទះបាញ់ចំនួនមួយគ្រាប់បានបាញ់ចំដើមកាស្យាបណ្តាលឱ្យជនរងគ្រោះទាំងពីរនាក់ស្លាប់នៅកន្លែងកើតហេតុ។
បញ្ជាក់ ឈ្មោះ ម៉ាន ស៊េន ភេទប្រុស អាយុ៥៣ឆ្នាំបាននៅឆ្ងាយពីដើមអាកាស្យាប្រហែល៥ម៉ែត្រមិនមានរងរបួសនោះទេ។
តាមការសន្និដ្ឋានជនរងគ្រោះស្លាប់ដោយសារករណីគ្រោះធម្មជាតិ(រន្ទះបាញ់) ក្រោយពិនិត្យរួចសពបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ស្អាងជ័យ