ព័ត៌មានទាន់ហេតុការណ៍៖

ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាអរគុណ អាជ្ញាធររាជធានីភ្នំពេញ ដែលបានសហការល្អធ្វើឱ្យបេសកកម្មការទូត៤ឆ្នាំទទួលបានផ្លែផ្កានិងជោគជ័យយ៉ាងធំធេង

ចែករំលែក៖

      ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោកស្រី Eva NGUYEN BINH បានសម្ដែងនូវការអរគុណនិងកោតសរសើរយ៉ាងខ្លាំងចំពោះអាជ្ញាធររាជធានីភ្នំពេញ ដែលបានសហការ ជាមួយស្ថានទូតបារាំងបានយ៉ាងល្អដែលធ្វើឱ្យការងារក្នុងបេសកកម្មរបស់លោកស្រីរយៈពេល៤ឆ្នាំនេះទទួលបានផ្លែផ្កានិងជោគជ័យយ៉ាងធំធេង ។

   ការលើកឡើងរបស់លោកស្រី Eva NGUYEN BINH បានធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ខណៈ ដែលលោកស្រីចូលជួបសម្តែងការគួរសមនិងជម្រាបលាលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រោយបញ្ចប់អាណត្តិការទូតរបស់លោកស្រីនៅប្រទេសកម្ពុជា នៅសាលារាជធានីភ្នំពេញ។

    ក្នុងជំនួបសម្តែងការគួរសមនិងជម្រាបលាលោក ឃួង ស្រេង ក្នុងឱកាសនោះ លោកស្រី Eva NGUYEN BINH ក៏បានសម្ដែងការកោតសរសើរផងដែរ ចំពោះអាជ្ញាធររាជធានីភ្នំពេញដែលបានខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈជំងឺនេះ បានរីករាលដាលពាសពេញពិភពលោក ហើយរាជធានីភ្នំពេញក៏បានរីករាលដាលជំងឺនេះផងដែរនោះ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី រដ្ឋបាលរាជធានីភ្នំពេញ បានគ្រប់គ្រងស្ថានភាពកូវីដ-១៩នេះបានយ៉ាងល្អប្រសើរ ។

  លោកស្រីបញ្ជាក់ទៀតថា លោកស្រីពិតជាមានភព្វសំណាងដែលបានស្នាក់នៅបំពេញការងារការទូតនៅប្រទេសកម្ពុជា ស្របពេលដែលនៅលើពិភពលោកបាននិងកំពុងមានការរីករាលដាលជំងឺកូវីដ-១៩ ហើយប្រទេសកម្ពុជាមានការរីករាលដាលជំងឺនេះមានកម្រិតតិចតួច។

   លោកស្រី Eva NGUYEN BINH បានបន្តទៀតថា អាជ្ញាធររាជធានីភ្នំពេញពិតជាមានការលំបាកខ្លាំងណាស់ចំពោះការទប់ស្កាត់ជំងឺកូវីដ-១៩ ។ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធររាជធានីភ្នំពេញបានខិតខំប្រឹងប្រែងតស៊ូជាមួយនឹងការទប់ស្កាត់ជំងឺកូវីដ-១៩នេះបានយ៉ាងល្អ។

  ជាការឆ្លើយតបលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះបានមានប្រសាសន៍លើកឡើងថា ប្រទេសបារាំងនិងប្រទេសកម្ពុជាបានមានទំនាក់ទំនងការទូតជាមួយគ្នាជាយូរមកហើយ ហើយទំនាក់ទំនងនេះ កាន់តែរឹងមាំនិងកាន់តែល្អប្រសើរ ។ 

  លោកឃួង ស្រេង បានបញ្ជាក់ថា ក្នុងបេសកកម្ម បំពេញការងាររបស់លោកស្រីនៅកម្ពុជារយៈពេល៤ឆ្នាំនេះ លោកស្រី Eva NGUYEN BINH បានបំពេញបេសកកម្មកាទូតបានយ៉ាងល្អនិងទទួលជោគជ័យ ។ ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានសម្ដែងនូវការសោគស្តាយផងដែរដែលលោកមិនបានជួបជជែកនិងហូបបាយសាមគ្គីជាមួយលោកស្រីឯកអគ្គរដ្ឋទូតបារាំងមុនបញ្ចប់អាណត្តិ ដោយសារតែការរាតត្បាតជំងឺកូវីដ-១៩ ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តីយើងនឹងជួបគ្នា ចាប់ដៃគ្នាបំពេញការងារនៅថ្ងៃខាងមុខទៀត ខណៈដែលលោកស្រីនឹងក្លាយជាប្រធានវិទ្យាស្ថានបារាំងនៅប៉ុន្មានថ្ងៃខាងមុខនេះ៕

             

 ដោយ ៖ សំរិត


ចែករំលែក៖