ព័ត៌មានទាន់ហេតុការណ៍៖

អង្គការសហប្រជាជាតិ ៖ ពលរដ្ឋមីយ៉ាន់ម៉ា ២៣០ពាន់នាក់ត្រូវភៀសខ្លួនដោយអំពើហិង្សា

ចែករំលែក៖

ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកមនុស្សធម៌ របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា មានពលរដ្ឋមីយ៉ាន់ម៉ា ជាង ២៣០ពាន់នាក់ត្រូវចាកចេញពីផ្ទះសម្បែងទៅកាន់តំបន់ផ្សេងដោយសារតែអំពើហិង្សា ចាប់តាំងពីការធ្វើរដ្ឋប្រហារ ថ្ងៃទី ១ខែកុម្ភៈ។
សារព័ត៌មានរ៉យទ័របានផ្សាយថា តាមប្រភពព័ត៌មានពីការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកមនុស្សធម៌ OCHA បានប្រកាសឲ្យដឹងថា អំពើហិង្សា បណ្តាលឲ្យពលរដ្ឋជាច្រើនត្រូវបង្ខំចិត្តបោះបង់ចោលផ្ទះសម្បែងភៀសខ្លួនទៅកាន់កន្លែងផ្សេង។ ពលរដ្ឋទាំងនោះត្រូវការ ជំនួយស្បៀងអាហារជាបន្ទាន់។
តាមការលើកឡើងរបស់ OCHA សកម្មភាពផ្តល់ជំនួយ អន្តរជាតិ គឺជារឿងចាំបាច់បំផុត ប៉ុន្តែត្រូវរាំងស្ទះដោយសារតែ ការប៉ះទង្គិចគ្នាដោយអាវុធ រវាងទាហានរដ្ឋាភិបាលនិងកម្លាំងទាហានប្រជាជន ។
មីយ៉ាន់ម៉ាធ្លាក់នៅក្នុងវិបត្តចាប់តាំង ពីការធ្វើរដ្ឋប្រហារនៅថ្ងៃទី ១ខែកុម្ភៈហើយចាប់ខ្លួនមេដឹកនាំរដ្ឋាភិបាលស៊ីវិលជាច្រើន ក្នុងនោះមាន លោកស្រីអោងសានស៊ូជី។
តាមរបាយការណ៍របស់ OCHA បានបញ្ជាក់ថា មានពលរដ្ឋប្រមាណ ១៧៧ពាន់នាក់រស់នៅក្នុងរដ្ឋ ការ៉ែន ជាប់ព្រំដែនប្រទេសថៃបានភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាព ។ ក្រៅពីនេះក៏មានពលរដ្ឋ រាប់ពាន់នាក់ទៀតនៅក្នុងរដ្ឋ កាឈីន និង សាន ក៏បានភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាពផងដែរ ។
ជាមួយគ្នានេះពលរដ្ឋ រស់នៅក្នុងរដ្ឋChin ជាង២ម៉ឺននាក់ បានចាកចេញពីផ្ទះសម្បែង ភៀសខ្លួនទៅកាន់ទីតាំង១០០កន្លែងផ្សេងគ្នានៅក្នុងប្រទេស ក្រោយការបាញ់ប្រហារគ្នាជាបន្តបន្ទាប់រវាងកម្លាំង ទាហានរដ្ឋាភិបាលនិង កម្លាំង ទាហានសាមគ្គីប្រជាជន NUG មានការចូលរួមពីកម្លាំងទាហានជនជាតិភាគតិច។ អំពើហិង្សា បានសម្លាប់មនុស្ស ៨៧៧នាក់ហើយមកទល់ពេលនេះនិងជាង៦០០០នាក់ ត្រូវទាហានរដ្ឋាភិបាលចាប់ខ្លួន ចាប់តាំងពីការធ្វើរដ្ឋប្រហារ ៕ដោយ៖ ធីរីណា

រូបភាព៖THE STRAITS TIMES
.


ចែករំលែក៖