ភ្នំពេញ៖ សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១សូមថ្វាយបង្គំសម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ! បងប្អូន កូនក្មួយ ចៅៗ ជនរួមជាតិទាំងអស់ជាទីស្រលាញ់ !
ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមជាភាគីហត្ថលេខីនៃអនុសញ្ញា និងពិធីសារ របស់អង្គការសហប្រជាជាតិដែលពាក់ព័ន្ធនឹងគ្រឿងញៀន ទូលព្រះបង្គំ ខ្ញុំព្រះករុណា សូមសម្ដែងនូវ មនោសញ្ចេតនារីករាយ ចូលរួម និងគាំទ្រយ៉ាងពេញទំហឹងចំពោះខ្លឹមសារ និងការរៀបចំប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ក្រោមប្រធានបទ “ចែករំលែកព័ត៌មានពិត ពីគ្រោះថ្នាក់នៃគ្រឿងញៀន គឺជួយសង្គ្រោះជីវិត – Share Facts on Drugs, Save Lives ក្នុងគោលបំណង បន្តបំផុសឱ្យជនគ្រប់រូបបង្កើនការស្វែងយល់អំពីគ្រោះថ្នាក់នៃគ្រឿងញៀន ក៏ដូចជាយល់ដឹងអំពីសារៈសំខាន់ នៃការប្រើប្រាស់ចំណេះដឹង និងមានភស្តុតាងធ្វើជាមូលដ្ឋាន ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការចូលរួមបង្ការ ទប់ស្កាត់ ព្យាបាល ដល់ជនដែលងាយនិងកំពុងរងគ្រោះដោយសារគ្រឿងញៀននិងចែករំលែកព័ត៌មានពិត ក្នុងការដោះស្រាយរាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន ទាំងក្នុងកម្រិតបុគ្គល គ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។ ឆ្លៀតឱកាសដ៏ថ្លៃថ្លានេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមថ្លែងនូវសារលិខិត ប្រគេនសម្តេចព្រះមហាសង្ឃរាជ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជូនសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូន កូនក្មួយ ចៅៗ ជនរួមជាតិទាំងអស់ពីឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្ត ចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនស្របតាមកម្មវិធីនយោបាយ ផែនការជាតិស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងស្ថានភាពជាក់ស្តែងនៃបញ្ហាគ្រឿងញៀន ក៏ដូចជាបញ្ហាសង្គមផ្សេងៗទៀត ជាពិសេស នៅក្នុងស្ថានភាព ដ៏លំបាកបំផុតរបស់ប្រវត្តិសាស្ត្រទំនើបពិភពលោក ដែលទទួលរងដោយរោគរាតត្បាតជំងឺកូវីដ-១៩ ដែលបាន និងកំពុងបន្តជះឥទ្ធិពលជាវិបត្តិសុខភាពសាធារណៈ និងការបន្ទច់បង្អាក់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចសកល និងបានបង្កឱ្យប្រជាជនលើពិភពលោករាប់លាននាក់បានបាត់បង់ជីវិត។
សម្រាប់ឆ្នាំ២០២១នេះ បើទោះបីជាសកលលោក ក៏ដូចជាប្រទេសជាតិយើងនៅតែបន្តទទួលរង ឥទ្ធិពលនៃការឆ្លងរាលដាលជំងឺកវីដ-១៩ ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែសម្រេចបន្តរៀបចំប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងកម្រិតថ្នាក់ជាតិ ក្រោមប្រធានបទ “ គ្មានគ្រឿងញៀន និងគ្មានជំងឺកូវីដ-១៩ សហគមន៍មានសុវត្ថិភាព និងការអភិវឌ្ឍន៍ ក្នុងរូបភាពជាយុទ្ធនាការអប់រំតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន តាមបណ្តាញទំនាក់ទំនងសង្គម និងការរៀបចំដុតបំផ្លាញគ្រឿងញៀនដែលចាប់យកបានក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀននាពេលកន្លងមក។ ការបន្តរៀបចំប្រារព្ធទិវាអន្តរជាតិ និងលើកយកប្រធានបទ ថ្នាក់ជាតិបន្ថែមនេះ គឺដើម្បីបន្តពញ្ញាក់ស្មារតីជនរួមជាតិទាំងអស់ ឱ្យយកចិត្តដាក់កាន់តែខ្លាំងថែមទៀត ក្នុងការបន្តចូលរួមបង្ការ ទប់ស្កាត់ ព្យាបាល និងដោះស្រាយរាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន ហើយជាមួយគ្នានោះ ក៏ត្រូវយកចិត្តទុកដាក់ឱ្យបានជាប់ជាប្រចាំក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ មកលើខ្លួនឯង មកលើក្រុមគ្រួសារ កន្លែងធ្វើការ និងសហគមន៍ដែលខ្លួនរស់នៅ ជាពិសេស ធ្វើឱ្យជនគ្រប់រូបចងចាំថា ការដោះស្រាយបាននូវបញ្ហាគ្រឿងញៀន និងការបង្ការកុំឱ្យមានការឆ្លងថ្មីនៃជំងឺ កូវីដ-១៩ គឺជាកត្តាដ៏សំខាន់ក្នុងការថែរក្សាសុខភាព សុវត្ថិភាព សន្តិសុខ និងបង្កើនការអភិវឌ្ឍសម្រាប់ខ្លួនឯង គ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។
ក្នុងពេលកន្លងមកនេះ ស្ថានភាពនៃការដាំដុះ ការផលិត ការចរាចរ និងការប្រើប្រាស់គ្រឿងញៀន ទាំងនៅក្នុងតំបន់ និងសកលលោក រួមនិងការប្រើប្រាស់សារធាតុញៀនថ្មីប៉ះពាល់ប្រព័ន្ធសរសៃប្រសាទ នៅមិនមានសញ្ញថយចុះនៅឡើយទេ ហើយបាននិងកំពុងរីករាលដាលគួរឱ្យព្រួយបារម្ភ។ ជាមួយគ្នានេះ ឥទ្ធិពលនៃការប្រណាំងប្រជែងនយោបាយ-សេដ្ឋកិច្ច របស់ប្រទេសមហាអំណាចនៅក្នុងនិងក្រៅតំបន់ ពិសេសវិបត្តិដែលពាក់ព័ន្ធនឹងការឆ្លងរាលដាលជំងឺកូវីដ-១៩ បានគំរាមកំហែង និងបង្កនូវផលលំបាក យ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចជាសកល។ កត្តាទាំងអស់នេះបាននាំមកនូវផលប៉ះពាល់ អវិជ្ជមានដល់សុខភាពសាធារណៈ សន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព របស់ប្រទេសនានានៅក្នុងពិភពលោក ដែលក្នុងនោះមានប្រទេសកម្ពុជាយើងផងដែរ។ ប៉ុន្តែទោះបីជា យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ និង ប្រើប្រាស់គ្រប់លទ្ធភាពក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប និងដោះស្រាយរាល់បញ្ហាដែលមានការពាក់ព័ន្ធនឹង គ្រឿងញៀន ទាំងក្នុងកម្រិតថ្នាក់ជាតិ តំបន់ និងអន្តរជាតិ។ ជាក់ស្តែង យើងបានបន្តរឹតបន្តឹង និងលើកកម្ពស់ ការទទួលខុសត្រូវ ក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពនូវរាល់គោលនយោបាយ ផែនការយុទ្ធសាស្ត្រ និង ផែនការសកម្មភាព ដែលមានការពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេសផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៥ និងលើកទី៦ ដែលរាជរដ្ឋាភិបាលបានដាក់ចេញរហូតទទួល បានលទ្ធផលគួរជាទីមោទនៈ។ ជាការពិតវិបត្តិនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ មិនអាចឱ្យយើងធ្វើសកម្មភាព អប់រំផ្សព្វផ្សាយដោយផ្ទាល់នៅតាមសហគមន៍បានច្រើនឡើយ ប៉ុន្តែយើងមិនបានបន្ថយ ឬបោះបង់សកម្មភាព ដ៏មានសារៈសំខាន់នេះឡើយ។ ផ្ទុយទៅវិញ ក្រសួង ស្ថាប័ន អង្គភាព និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន រាជធានី ខេត្ត ក៏ដូចជាវិស័យសាសនា វិស័យឯកជន អង្គការ សមាគមជាតិ អន្តរជាតិជាដៃគូ និងបងប្អូន ជនរួមជាតិមួយចំនួនធំនៅតែបន្តខិតខំប្រឹងប្រែង ដោយបានប្រើប្រាស់វិធីសាស្ត្រថ្មីៗ ធ្វើការអប់រំផ្សព្វផ្សាយ និងចែករំលែកព័ត៌មានដែលជាប្រយោជន៍ ដល់ការលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីគ្រោះថ្នាក់ នៃគ្រឿងញៀន ក៏ដូចជាលើកកម្ពស់ប្រសិទ្ធភាពនៃការបង្ការ ទប់ស្កាត់ ព្យាបាល និងដោះស្រាយរាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន ដោយរួមទាំងបញ្ហាសង្គមផ្សេងៗ និងបញ្ហានៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ផងដែរ។ ជាមួយនោះដែរ អង្គភាពអនុវត្តច្បាប់គ្រប់ប្រភេទ និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី ខេត្ត ក៏បានបន្តនិងបង្កើនសកម្មភាពរដ្ឋបាល និងការអនុវត្តច្បាប់ ដើម្បីទប់ស្កាត់ និងបង្ក្រាបរាល់ការប៉ុនប៉ង កែច្នៃ ផលិត រក្សាទុក ជួញដូរ និងចរាចរគ្រឿងញៀនខុសច្បាប់ទាំងមកពីខាងក្រៅ និងនៅផ្ទៃក្នុងប្រទេស។ ជាក់ស្ដែងបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀនចំនួន១០៤៦១ករណីត្រូវបានបង្ក្រាបក្នុងឆ្នាំ២០២០ គឺបង្ក្រាប បានច្រើនជាងឆ្នាំមុនប្រមាណ ៦,៧៩% ជនសង្ស័យដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនចំនួន២១ ៥៦៦នាក់ ត្រូវបានឃាត់ខ្លួន គឺច្រើនជាងឆ្នាំមុនប្រមាណ៥,២៥% និងចាប់យកគ្រឿងញៀនគ្រប់ប្រភេទបាន ៣ ៨៧៥គក ៨៧៨ក្រ ដែលបរិមាណនេះមានការកើនឡើងប្រមាណ៥១៦% បើប្រៀបធៀបទៅនឹងបរិមាណដែលចាប់យក បានក្នុងឆ្នាំមុន។ ជាមួយគ្នានោះ យើងក៏នៅបានបន្តយ៉ាងសកម្មក្នុងការជួយសង្គ្រោះជនរងគ្រោះដោយសារ គ្រឿងញៀន ដោយផ្តល់ការព្យាបាលនិងស្ដារនីតិសម្បទាដល់ពួកគាត់ទាំងនៅតាមសហគមន៍ និងនៅតាម មណ្ឌលបណ្តោះអាសន្នបានចំនួន ១៩ ៥៩៧ នាក់ រហូតធ្វើឱ្យពួកគេមួយចំនួនធំទទួលបានមកវិញនូវ សុខភាពផ្លូវកាយ សុខភាពផ្លូវចិត្ត ចំណេះ និងជំនាញមួយចំនួន សម្រាប់ធ្វើជាមូលដ្ឋានក្នុងការប្រកបរបរ ចិញ្ចឹមជីវិត និងកសាងគ្រួសារមួយដ៏សមរម្យនៅក្នុងសង្គមជាតិ។ លទ្ធផលដែលសម្រេចបានគួរជាទីមោទនៈ ទាំងនេះ គឺពិតជាមិនអាចកាត់ផ្តាច់បានពីការចូលរួមចំណែកយ៉ាងសកម្មរបស់បងប្អូនជនរួមជាតិទាំងអស់ ដែលឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះទូលព្រះបង្គំ ខ្ញុំព្រះករុណា សូមអរព្រះគុណយ៉ាងជ្រាលជបំផុត ចំពោះសម្តេចព្រះមហាសង្ឃរាជ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសូមអរគុណចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃស្ថាប័ននីតិបញ្ញាត្តិ នីតិប្រតិបត្តិ តុលាការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនៃអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន គណៈបញ្ហាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្រសួងស្ថាប័ន អង្គភាព ពាក់ព័ន្ធ និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី ខេត្ត ព្រមទាំងវិស័យឯកជន សប្បុរសជន អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិជាដៃគូ ក៏ដូចជាបងប្អូន ជនរួមជាតិទាំងអស់ដែលបានផ្តល់នូវ ការគាំទ្រយ៉ាងពេញទំហឹង និងចូលរួមយ៉ាងសកម្មផុលផុសទាំងក្នុងពេលកន្លងមក ក៏ដូចជានាពេលបច្ចុប្បន្ននេះ។
ទោះបីជាយើងសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈក៏ដោយ ក៏បញ្ហាគ្រឿងញៀននៅតែជាបញ្ហា សង្គមដ៏ស្មុគស្មាញមួយ ដែលបានគំរាមកំហែងដល់សុខភាពសាធារណៈ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍសង្គមរបស់យើង។ ដូច្នេះដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផលបន្ថែមទៀតលើការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងដំណាក់កាលនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ឱ្យស្របតាមខ្លឹមសារន ប្រធានបទដែលបានលើកឡើងសម្រាប់ឆ្នាំនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមធ្វើការណែនាំ និងអំពាវនាវ ដូចតទៅ៖
១- អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ ព្រមទាំងក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានា ត្រូវបន្តយកចិត្តទុកដាក់ម្ចាស់ការប្រកបដោយ ការទទួលខុសត្រូវខ្ពស់អនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួន នូវផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦ ដែលរាជរដ្ឋាភិបាលបានដាក់ចេញនាពេលកន្លង ទៅនេះ។ ជាមួយនេះ ត្រូវធ្វើការដាស់តឿន ក្រើនរំលឹក និងណែនាំមន្ត្រីប្រតិបត្តិរបស់ខ្លួនឱ្យបានជាប្រចាំ ក្នុងការអនុវត្តការផ្លាស់ប្ដូរ កែប្រែទម្លាប់ និងឥរិយាបថនៃការបំពេញភារកិច្ចឱ្យស្របទៅតាមរបត់នៃការរស់នៅ។
សូមអានទាំងស្រុងនូវសារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២១៕
ដោយ៖ សិលា