ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងទាហានអាកាស Ethiopia វាយប្រហារចំផ្សារនៅតំបន់ Tigray ស្លាប់និងរបួសជាង២០០នាក់

ចែករំលែក៖

យ៉ាងហោចណាស់ក៏មានមនុស្ស ៦៤នាក់ស្លាប់ និងជាង១៨០នាក់រងរបួសដែរនៅក្នុងការវាយប្រហារតាមដែនអាកាសរបស់កម្លាំងទាហាន Ethiopia ទៅលើផ្សារក្នុងតំបន់ Tigray ។
សារព័ត៌មាន Guardian បានដកស្រង់សម្តី លោក Mulu Atsbaha អ្នកនាំពាក្យរដ្ឋាភិបាលក្នុងតំបន់ Tirgrayដែលបានឱ្យដឹងថា ការវាយប្រហារតាមដែនអាកាសទៅលើផ្សារបណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើននោះគឺក្នុងនោះក៏មានទាំងកុមារផងដែរ។
លោក Mulu Atsbaha បានបញ្ជាក់ថា ការវាយប្រហារកើតឡើងនៅថ្ងៃទី២៣ខែមិថុនា ។ លោកបន្តទៀតថា តួលេខស្តីពីការស្លាប់និងរបួសគឺទទួលបានពីពលរដ្ឋរស់នៅក្នុងស្រុក Togota មានចម្ងាយពី តំបន់ Mekele ៣០គីឡូម៉ែត្រនៅភាគខាងជើង។ ចំនួនអ្នកស្លាប់នឹងបន្តកើនឡើងខ្ពស់ទៀតដោយសារតែមានអ្នករងរបួសច្រើន។
អ្នកនាំពាក្យកម្លាំងទាហាន Ethiopia លោកវរសេនីយ៍ Getnet Adane បានឱ្យដឹងនៅថ្ងៃទី២៤ខែមិថុនាថា កម្លាំងទាហានប្រទេសនេះបានបើកការវាយប្រហារ ទៅលើតំបន់ Togoga ដោយសំដៅទៅលើគោលដៅជាទីតាំងខ្មាន់កាំភ្លើងក្រុមជ្រុលនិយម។ លោកបន្តទៀតថា ការវាយប្រហារមិនសំដៅទៅលើពលរដ្ឋស្លូតត្រង់នោះឡើយ។ ចំណែកអ្នកស្លាប់និងរបួសគឺជាក្រុមឧទ្ទាមដែលបានស្លៀកឈុតស៊ីវិល។
ប៉ុន្តែអ្នកនៅរស់ និងបុគ្គលិកសុខាភិបាលបានបញ្ជាក់ថា ការវាយប្រហារទៅលើផ្សារដែលមានមនុស្សច្រើន បណ្តាលឲ្យមានអ្នកស្លាប់និងរបួសរាប់រយនាក់មានទាំងកុមារ។ ការវាយប្រហារកើតឡើងក្នុងពេលប្រទេសនេះកំពុងតែរាប់សន្លឹកឆ្នោតក្នុងការបោះឆ្នោតជាតិកាលពីថ្ងៃទី ២១ខែមិថុនា ។ ការវាយប្រហារនៅ Tigray មានន័យថា ទីតាំងខាងលើមិនមានការរៀបចំបោះឆ្នោតនោះឡើយ ហើយតំបន់នេះបានផ្ទុះការវាយប្រហារគ្នាជាច្រើនថ្ងៃកន្លងមកហើយ។
នាយករដ្ឋមន្ត្រី Abiy Ahmed បានបញ្ជូនទាហានទៅកាន់តំបន់ Tigray នៅខែវិច្ឆិកាឆ្នាំ២០២០ដើម្បីផ្តួលរំលំថ្នាក់ដឹកនាំក្នុងតំបន់ ។ប៉ុន្តែ រយៈពេលជិត៨ខែកន្លងមកសង្គ្រាមវាយប្រហារគ្នានៅតែបន្តកើតឡើង បង្កឲ្យមានវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ដោយពលរដ្ឋជាង៣៥០ពាន់នាក់មិនមានអាហារបរិភោគឡើយ៕

ដោយ៖ធីរីណា(រូបថត៖AFP)


ចែករំលែក៖