អន្តរជាតិ៖ ក្រុមប្រឹក្សារដ្ឋនៃប្រទេសចិន នៅថ្ងៃសុក្រទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសអំពីការសម្រេចតែងតាំង ក៏ដូចជាដកតំណែងមន្រ្តីមួយចំនួន នៅតំបន់រដ្ឋបាលពិសេសហុងកុង។
ជាក់ស្ដែងនៅរសៀលថ្ងៃសុក្រនេះដែរ បើយោងតាមទីភ្នាក់ងារព័ត៌មានស៉ីនហួរ បានចុះផ្សាយថា៖ ក្នុងការសម្រេចតែងតាំងនោះ លោក លី កាឈីវ (Lee Ka-chiu) ត្រូវបានតែងតាំងជាអគ្គលេខាធិការរដ្ឋបាលទីក្រុងហុងកុង ជំនួសលោក ឆឹង គីមជុង (Cheung Kin-chung)។ ចំណែក លោក ថាង ភីងឃាង (Tang Ping-keung) ត្រូវបានតែងតាំងជាមន្រ្តីទទួលបន្ទុក កិច្ចការសន្តិសុខរបស់ហុងកុង ជំនួសលោក Lee Ka-chiu។ រីឯលោក ស៊ីវ ចាកយី (Siu Chak-yee) ត្រូវបានតែងតាំងជាស្នងការប៉ូលីសហុងកុង ជំនួសលោក Tang Ping-keung។
គួរបញ្ជាក់ដែរថា ចំពោះការផ្លាស់ប្តូរមន្រ្តីទីក្រុងហុងកុងខាងលើនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃពុធទី២៣ ខែមិថុនាថ្មីៗនេះ ដោយស្របទៅតាមច្បាប់មូលដ្ឋានរបស់ទីក្រុងហុងកុង និងយោងទៅតាមការជ្រើសតាំង ក៏ដូចជាអនុសាសន៍របស់លោកស្រី ខារី ឡាំ (Carrie Lam) មេដឹកនាំហុងកុងផ្ទាល់ផងដែរ៕
ដោយ៖ស តារា(រូបថត៖ RTHK)