ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខណ្ឌកំបូល បន្តចុះអប់រំដល់ ម្ចាស់ បើកអាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋាន ជាង១០ទីតាំង នៅតាមដងស្ទឹងព្រែកត្នោត ក្នុងសង្កាត់បឹងធំ ឲ្យគោរព្ធតាមវិធានការរបស់ក្រសួងសុខាភិបាល

ចែករំលែក៖

ភ្នំពេញ៖ អនុវត្តតាមប្រសាសន៍ណែនាំរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញដល់រដ្ឋបាលខណ្ឌទាំងអស់ ឱ្យបន្តយកចិត្តទុក ដាក់ពង្រឹងការអនុវត្តវិធានរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលទៅលើវិធានការ ៣ការពារ ៣កុំ ឱ្យបានម៉ឺងម៉ាត់និងមានប្រសិទ្ធភាព ដើម្បីចូលរួមទប់ស្កាត់និងកាត់ផ្ដាច់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍រាជធានីភ្នំពេញ ។
នៅព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២១ នេះ ក្រុមការងាររបស់រដ្ឋបាលខណ្ឌកំបូល ដឹកនាំដោយលោក សេង គន្ធ អភិបាលរងតំណាងលោក ឃឹម ស៊ុនសូដា អភិបាល ខណ្ឌកំបូល បានដឹកនាំកម្លាំង ចុះអប់រំ ពិនិត្យមើលដំណើរការអាជីវកម្មរបស់បងប្អូនថា តើបានអនុវត្តត្រឹមត្រូវតាមការណែនាំរបស់អភិបាលរាជ ធានីភ្នំពេញហើយឬនៅ និងណែនាំដល់បងប្អូនអាជីវករ ដែលជាម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន ដែលមិនទាន់បានអនុវត្តបានត្រឹមត្រូវ នៅតាមដងស្ទឹងបឹងធំ នៃសង្កាត់បឹងធំ ខណ្ឌកំបូល ឱ្យចូលរួមយកចិត្តទុកដាក់គិតគូរពីសុវត្ថិភាពរបស់ភ្ញៀវជាពិសេសត្រូវមានឧបករណ៍វាស់កំដៅ  QR code ដាក់សាប៊ូឬអាកុលឲ្យភ្ញៀវលាងដៃនឹងរក្សាគម្លាតឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។
លោក សេង គន្ធ បានណែនាំឱ្យម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋានទាំងនោះ ត្រូវមានឧបករណ៍ឬសម្ភារការពារសុវត្ថិភាពដល់ភ្ញៀវឲ្យបានគ្រប់គ្រាន់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ19 នៅក្នុងសហគមន៍ បើមិនអនុវត្តតាមទេរដ្ឋបាលខណ្ឌកំបូលនិងចាត់មន្ត្រីរបស់ខ្លួនឱ្យចុះល្បាតមើលជារៀងរាល់ថ្ងៃ បើរកឃើញថាមានម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋានណាមួយមិនធ្វើតាម នោះរដ្ឋបាលខណ្ឌ នឹងផ្អាកជាបណ្ដោះអាសន្ននូវអាជីវកម្មរបស់បងប្អូនទាំងនោះ។
លោកអភិបាលរងក៏បានជម្រាបជូនប្រជាពលរដ្ឋទាំងនោះផងដែរអំពីស្ថានភាពជំងឺកូវីដ-១៩ ដែលកំពុងតែបន្តរីករាលដាលយ៉ាងខ្លាំង នៅក្នុងសហគមន៍របស់យើង ធ្វើឲ្យមានអ្នកឆ្លងនិងអ្នកស្លាប់ជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ លោក សេង គន្ធ បានជម្រាបជូនទៀតថា ជំងឺកូវីដអាចផុតរលត់ទៅបាន ទាល់តែមានការចូលរួមពីយើងគ្រប់រូប យើងអាចភ្លេចជំងឺកូវីដ  តែជំងឺកូវីដ-១៩ មិនភ្លេចយើងឡើយ។
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ លោក ឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ ពង្រឹងការអនុវត្តវិធានរបស់ក្រសួងសុខាភិបាលឱ្យម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ហើយក្រៅពីមិនអនុញ្ញាតឱ្យបើកការ៉ាអូខេ ក្លឹបកំសាន្ត ក្លឹបហាត់ប្រាណជាដើមហើយ នោះ ក៏មិនអនុញ្ញាតឱ្យមានការជួបជុំគ្នាពពាក់ ពពូន ផឹកស៊ីនៅតាមទីសាធារណៈនោះដែរ។ អ្នកដែលប្រព្រឹត្តិករណីនេះត្រូវតែឃាត់ខ្លួនដោយអាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ច យកមកអប់រំ និងផ្សព្វផ្សាយព័ត៌មានជាសាធារណៈឱ្យបានច្រើនថែមទៀត ៕

ដោយ៖ សំរិត


ចែករំលែក៖