ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹង ស្តីពី កាលបរិច្ឆេទចុងក្រោយ នៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅភូមិសាស្ត្រ ភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ ឱ្យបាន ជ្រាបថា ក្នុងក្របខ័ណ្ឌនៃ “យុទ្ធនាការជាតិចាក់វ៉ាក់សាំង” ដោយអនុលោមតាមផែនការមេសម្រាប់យុទ្ធនាការចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលមានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ជាសេនាធិការ និងដែលមាន កិច្ចសហការពីក្រុមគ្រូពេទ្យនៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេច តេជោ(TYDA) ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស.ស.យក និងក្រុមគ្រូពេទ្យនៃអង្គភាពផ្សេងៗ បានដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែលមានអាយុពី១៨ឆ្នាំឡើងទៅ នៅរាជធានីភ្នំពេញបានយ៉ាងរលូនស្របតាមជំហានកម្មវិធីការងារដែលបានគ្រោងទុក ហើយប្រជាពលរដ្ឋក៏បាន ស្ម័គ្រចិត្តយ៉ាងសស្រាក់សម្រាំតម្រង់ជាជួរមកចាក់វ៉ាក់សាំងតាមគោលដៅនៃខណ្ឌនីមួយៗ ដែលគិតមកដល់ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២១ បានចំនួន ១.៦៦២.៣៥៦ នាក់ (ដូសទី១) និង ១,៤៩៨.៧៨៧ នាក់ (ដូសទី២)។ប៉ុន្តែ ទោះជាយ៉ាងនេះក្តី រដ្ឋបាលរាជធានីភ្នំពេញ សង្កេតឃើញថា នៅមានប្រជាពលរដ្ឋមួយចំនួនតូចទៀត ពុំទាន់រួសរាន់មកទទួលការចាក់វ៉ាក់សាំងនៅឡើយ។ ដើម្បីឈានទៅសម្រេចលទ្ធផលឱ្យបានជោគជ័យ១០០% ស្របតាមផែនការយុទ្ធសាស្រ្តរបស់គណៈកម្មការ គវ.ក-១៩ និងរាជរដ្ឋាភិបាល ដែលគ្រោងបិទបញ្ចប់យុទ្ធនាការ ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ នៅសប្តាហ៍ទី១ ខែកក្កដា ឆ្នាំ២០២១ នោះ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅ ស្នាក់នៅ ប្រកបអាជីវកម្មមុខរបរផ្សេងៗ នៅក្នុងភូមិសាស្ត រាជធានីភ្នំពេញ ដែលពុំទាន់បានទទួលការចាក់វ៉ាក់សាំង សូមអញ្ជើញរួសរាន់មកចាក់វ៉ាក់សាំង ចាប់ពីថ្ងៃទី២៧ ខែមិថុនា រហូតដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ កុំបីខាន នៅតាមទីតាំងដូចខាងក្រោម សូមមើលតាមតារាង៖

រដ្ឋបាលរាជធានីភ្នំពេញ នឹងបិទបញ្ចប់យុទ្ធនាការជាតិចាក់វ៉ាក់សាំង នៅភូមិសាស្ត្ររាជធានីភ្នំពេញ នៅថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៧ : ០០ នាទី។ ដូច្នេះ ក្រោយការបិទបញ្ចប់ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលខកខានមិនបានមកចាក់វ៉ាក់សាំងតាមពេលវេលាកំណត់ខាងលើ រដ្ឋបាលរាជធានីភ្នំពេញ មិនទទួលខុសត្រូវ ក្នុងការចាក់វ៉ាក់សាំងជូនទៀតឡើយ។

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមិនទាន់បានទទួលការ ចាក់វ៉ាក់សាំង នៅរាជធានីភ្នំពេញ មេត្តាជ្រាប និងរួសរាន់មកទទួលការចាក់វ៉ាក់សាំងឱ្យបានទាន់ពេលវេលា៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖