ភ្នំពេញ៖ បើតាមការបញ្ជាក់របស់លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឱកាសអញ្ជើញទទួលវ៉ាក់សាំងនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២១នេះថា៖ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា កំពុងពិចារណាក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារក្រោមអាយុ១៨ឆ្នាំ និងគិតគូរអំពីការចាក់វ៉ាក់សាំងដូសទី៣ផងដែរ។
លោក វង្សី វិស្សុត បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ នៅក្នុងពេលឆាប់ៗខាងមុខនេះ ឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធានគណៈប្រចាំការ នៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ នឹងដឹកនាំកិច្ចប្រជុំមួយដើម្បី កែសម្រួលនូវផែនការយុទ្ធសាស្រ្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលត្រូវគិតគូរទៅលើការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់កុមារដែរ។
លោករដ្ឋលេខាធិការរូបនេះ បានបញ្ជាក់បន្ថែមទៀតថា៖ «តើគួរចាក់ ឫអត់កុមារក្រោមអាយុ១៨ឆ្នាំ អាយុប៉ុណ្ណាអាចចាក់ ឬក៏មិនអាចចាក់»។ និង «មួយទៀត គឺយើងកំពុងសិក្សាដែរ គឺការចាក់វ៉ាក់សាំងដូសទី៣»។
លោក វង្សី វិស្សុត បានបញ្ជាក់បន្ថែមថា៖ «ដូច្នេះរដ្ឋាភិបាល ត្រូវគិត១ជំហានទៅមុខឱ្យហើយ រឿងក្មេង និងការចាក់វ៉ាក់សាំងដូសទី៣ ប៉ុន្តែចំពោះមុខនេះ យើងត្រូវចាក់វ៉ាក់សាំងជូនអ្នកដែលមានអាយុ១៨ឆ្នាំឡើងឱ្យអស់»។
សូមជម្រាបថា ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ គិតមកដល់ពេលនេះ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៣,៨០៣,១៦៩នាក់ ដែលស្មើនឹងប្រមាណ ៣៨.០៣% នៃផែនការចាក់វ៉ាក់សាំងដល់ពលរដ្ឋអាយុ១៨ឆ្នាំឡើង ១០លាននាក់។
គួរបញ្ជាក់ថា កម្ពុជា រហូតមកដល់ពេលនេះ ទទួលបានវ៉ាក់សាំងសរុបជាង ១១លានដូស លើចំនួនវ៉ាក់សាំងក្នុងផែនការប្រមាណ ២៣លានដូស។ តាមរយៈវត្តមានវ៉ាក់សាំងទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងពន្លឿនលើការងារចាក់វ៉ាក់សាំងវ៉ាក់សាំងផងដែរ។
ដោយឡែកក្រៅតែពីរាជធានីភ្នំពេញ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងពង្រីកការចាក់វ៉ាក់សាំងទៅកាន់ខេត្តកណ្តាល ព្រះសីហនុ កោះកុង កំពង់ស្ពឺ និងតាកែវផងដែរ៕
ដោយ៖សហការី