ព័ត៌មានទាន់ហេតុការណ៍៖

ឆេះសម្ភារៈក្នុងយានដ្ឋានជួសជុលរថយន្តអត់ច្បាប់មួយកន្លែងនៅនិរោធ

ចែករំលែក៖

ភ្នំពេញ៖ យាន្តដ្ឋានជួសជុលនិងកែច្នៃរថយន្តមួយកន្លែងមានទីតាំងនៅភូមិតាង៉ូវ សង្កាត់និរោធ  ខណ្ឌច្បារអំពៅ  ត្រូវអគ្គិភ័យឆាបឆេះសម្ភារៈជាច្រើនប្រភេទ នៅក្នុងយាន្តដ្ឋាន ដែលករណីនេះត្រូវបានសមត្ថកិច្ចសន្និដ្ឋានថាបណ្តាលមកពីជាងផ្សារដែកខ្វះការប្រុងប្រយ័ត្នខ្ទាតផ្កាភ្លើងទៅលើសម្ភារៈជ័រ  និងប្រេង  បណ្តាលអោយឆេះសន្ធោសន្ធៅផ្សែងខ្មៅខ្មួលខ្មាញ់ពេញអាកាស ប៉ៈពាល់ដល់សំណង់នៅក្នុងបុរីប៉េង ហ៊ួត បឹងស្នោរ តែម្តង  ចំណែកប្រភពមួយទៀតបានលើកឡើងថា  បណ្តាលមកពីក្រុមជាងនាំគ្នាផឹកស៉ីសប្បាយហើយចោលកន្ទុយបារីទៅលើប្រេង បង្កជាអគ្គិភ័យតែម្តង ។

   ករណីអគ្គិភ័យឆេះសម្ភារៈនៅក្នុងយាន្តដ្ឋានជួសជុលនិងកែច្នៃរថយន្ត អត់ច្បាប់នេះបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៦,១០នាទី  ព្រលប់ថ្ងៃទី ២៦  ខែមិថុនា ឆ្នាំ២០២១  នៅក្នុងភូមិតាង៉ូវ  សង្កាត់និរោធ  ខណ្ឌច្បារអំពៅ   

      តាមសាក្សីនៅកន្លែងកើតហេតុបាន ប្រាប់ថា  មុនពេលកើតអគ្គិភ័យក្រុមជាងខ្លះបានបង្ហើយការងារដោយកាត់ផ្សារគ្រឿងដែកនៅក្នុងយាន្តដ្ឋាន  និងខ្លះទៀតប្រមូលផ្តុំគ្នាផឹកស៉ីសប្បាយ     មួយសន្ទុះក្រោយមកស្រាប់តែមានផ្សែងខ្មៅខ្មួលខ្មាញ់ពេញអាកាស  បង្កការភ្ញាក់ផ្អើលដល់អាជ្ញាធរ  សមត្ថកិច្ច     គ្រប់ផ្នែក  ចេញទៅអន្តរាគមន៍បាញ់ពន្លត់ដើម្បីកុំអោយឆេះរីករាលដាលដល់លំនៅដ្ឋានប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ   

ទោះជាមានការខិតខំចេញអន្តរាគមន៍ពីប្រជាពលរដ្ឋនៅជុំវិញកន្លែងកើតហេតុ  រួមទាំងអាជ្ញាធរសង្កាត់-ខណ្ឌ   និងកម្លាំងនគរបាលពន្លត់អគ្គិភ័យយ៉ាងណាក៏ដោយ   សំណង់លំនៅដ្ឋានមួយចំនួននៅក្នុងបុរីប៉េង ហ៊ួត  បឹងស្នោរុំព័ទ្ធទៅដោយផ្សែងខ្មៅ  តែមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ  ខូចខាតតែសម្ភារៈមួយចំនួននៅក្នុងយាន្តដ្ឋាន ប៉ុណ្ណោះ  

     ក្នុងហេតុការគ្រោះអគ្គិភ័យនេះដែរ លោក  ញាណ  ច័ន្ទសោភា  នាយករដ្ឋបាលសាលាខណ្ឌច្បារអំពៅបានដឹកនាំកម្លាំងផ្ទាល់ចុះទៅកាន់កន្លែងកើតហេតុដើម្បីពិនិត្យមើលពិទំហំនៃការខូចខាត    ប្រមាណជា២០នាទីក្រោយមកអគ្គិភ័យដែលឆេះសម្ភារៈនៅក្នុងយាន្តដ្ឋានជួសជុលនិងកែច្នៃរថយន្តត្រូវបានគ្រប់គ្រងទាំងស្រុង  ខូចខាតតែសម្ភារៈមួយចំនួននៅក្នុងយាន្តដ្ឋានប៉ុណ្ណោះ 

ដោយ ៖ សណ្តោស


ចែករំលែក៖