ខេត្តបន្ទាយមានជ័យ៖ គួរឲ្យព្រួយបារម្ភនៅក្នុងខេត្តជាប់ព្រំដែនមួយនេះពុំដែលមានករណីចោរលួចគោក្របីដាក់រថយន្តនោះទេហើយនេះជាករណីលើកទី០១ដែលមានចោរលួចក្របីរបស់អ្នកស្រុកនៅខេត្តបន្ទាយមានជ័យ ។គេសង្កេតឃើញថានៅចន្លោះពីម៉ោង១០យប់ថ្ងៃទី២៦ខែមិថុនា ឆ្នាំ២០២១ ដល់ម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ខែមិថុនា ឆ្នាំ២០២១ មានចោរលួចសត្វក្របីមេចំនួន៣ក្បាល នៅចំណុចជាប់ខ្នងទំនប់អាងទឹកត្រពាំងថ្ម ម្ដុំលូកំពង់ធំ ស្ថិតក្នុងភូមិតាវង ឃុំពន្លៃ ស្រុកភ្នំស្រុក ។
លោក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា៖ជនរងគ្រោះដែលជាម្ចាស់សត្វក្របី ឈ្មោះពែក ហាត់ ភេទប្រុស អាយុ៧០ឆ្នាំ រស់នៅភូមិតាវង ឃុំពន្លៃ ស្រុកភ្នំស្រុក ។
លោកអធិការបានបញ្ជាក់ថា៖តាមការឲ្យដឹងពីឈ្មោះ ពែក ហាត់ ជាម្ចាស់ក្របីបានរៀបរាប់ថា គាត់មានសត្វក្របីសរុបទាំងអស់ចំនួន២០ក្បាល កូនចំនួន០៧ក្បាល បានធ្វើក្រោលជាប់ខ្នងទំនប់អាងទឹកត្រពាំងថ្ម ដែលមានចំងាយពីផ្ទះរបស់គាត់ ប្រហែល១០០ម៉ែត្រ ជារៀងរាល់យប់គាត់តែងតែក្រោកដើរមកពិនិត្យមើលក្របីរបស់គាត់ ។នៅយប់កើតហេតុវេលាម៉ោង១ រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ខែមិថុនា ឆ្នាំ២០២១ គាត់បានក្រោកទៅមើលក្របីក្នុងក្រោលដូចសព្វដងស្រាប់តែបាត់ក្របីអស់ចំនួន០៣ក្បាល ជាក្របីមេពូជ ។
លោកបញ្ជាក់បន្ថែមថា៖ក្រោយទទួលបានព័ត៌មានកម្លាំងជំនាញព្រហ្មទណ្ឌនិងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំពន្លៃ បានចុះដល់កន្លែងកើតហេតុដើម្បីធ្វើការស្រាវជ្រាវនិង ត្រួតពិនិត្យជុំវិញករណីខាងលើ ហើយបានឃើញគន្លងរថយន្តធុនតូច បើកមកពីទិសខាងកើតថយចូលតាមផ្លូវជាប់ខ្នងទំនប់អាងទឹកត្រពាំងថ្ម ខាងកើតកន្លែងកើតហេតុចំងាយប្រមាណ១៥០ម៉ែត្រ និងឃើញមានស្នាមជើងសត្វក្របីដែលជនល្មើសបានដេញឡើងលើរថយន្ត រួចបើកមកទិសខាងកើតតាមខ្នងទំនប់អាងទឹកត្រពាំងថ្ម ។
ទាក់ទិននឹងករណីខាងលើកម្លាំងជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលពន្លៃ កំពុងស្រាវជ្រាវដើម្បីឈានដល់ការបង្រ្កាបចាប់ខ្លួនជនប្រព្រឹត្តល្មើសយកទៅផ្តន្ទាទោសតាមច្បាប់៕
ដោយ ៖ វណ្ណា