អន្តរជាតិ៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់ចេញផ្សាយពីសេចក្តីប្រកាសរបស់រដ្ឋាភិបាលថៃ នៅថ្ងៃអាទិត្យ ទី២៧ ខែមិថុនា ឆ្នាំ២០២១នេះថា៖ រដ្ឋាភិបាលថៃ ដើម្បីព្យាយាមទប់ទល់ការឆ្លងរាលដាលនៃជំងឺ COVID-19 បានប្រកាសអំពីវិធានការរឹតត្បិតថ្មីៗទៀត ដែលផ្តោតនៅរាជធានីបាងកក និងខេត្តជុំវិញនោះ។
ជាក់ស្ដែងនៅក្នុងសេចក្តីប្រកាសរបស់រដ្ឋាភិបាលថៃ បានបញ្ជាក់ថា ចំណាត់ការថ្មីៗទាំងនោះ នឹងត្រូវអនុវត្តរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃចន្ទសប្តាហ៍ក្រោយទៅ។ ក្នុងនោះរួមមានដូចជា៖ ការហាមចូលទទួលទានអាហារផ្ទាល់ នៅតាមភោជនីយដ្ឋាន ក្នុងទីក្រុងបាងកក និងខេត្តចំនួន៥ទៀតនៅជុំវិញ។ ចំណែកផ្សារទំនើបលក់ទំនិញ នៅបាងកក និងខេត្តទាំង៥ ដាច់ខាតត្រូវបិទទ្វារនៅត្រឹមម៉ោង៩យប់។
ដោយឡែកចំពោះពិធីជប់លៀងអបអរ ឬសកម្មភាពនានា ដែលមានមនុស្សប្រមូលផ្តុំច្រើនជាង២០នាក់ ក៏នឹងត្រូវហាមឃាត់ផងដែរ។ ចំណែកទីតាំងការដ្ឋានសំណង់ នៅតំបន់ចំនួន៦ខាងលើ នឹងត្រូវផ្អាកប្រតិបត្តិការ ហើយជំរំស្នាក់នៅរបស់ក្រុមកម្មករសំណង់នឹងត្រូវបិទហ៊ុមព័ទ្ធ ដើម្បីគ្រប់គ្រងចង្កោមនៃការឆ្លងរាលដាល។ ចាប់តាំងពីខែឧសភាមក ចង្កោមករណីឆ្លងចំនួន៣៧ ត្រូវបានរកឃើញ នៅតាមជំរំស្នាក់នៅរបស់កម្មករសំណង់ ក្នុងទីក្រុងបាងកក។
គួរបញ្ជាក់ថា ប្រទេសថៃ មានករណីឆ្លង COVID-19 នៅទូទាំងប្រទេសសរុប២៤០,៤៥២នាក់ ក្នុងនោះស្លាប់ ១,៨៧០នាក់ និងជាសះស្បើយ ១៩៦,៦៧៥នាក់ គិតត្រឹមថ្ងៃសៅរ៍ទី២៦ ខែមិថុនាម្សិលមិញនេះ៕
ដោយ ៖ស តារា