ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយ​ករណី​ពុល​ស្រា​ កើត​ឡើងជា​បន្តបន្ទាប់​,​ ពេល​នេះ​មន្រ្តីជំនាញ​របស់នាយកដ្ឋាន ក​.​ប​.​ប​ បើក​យុទ្ធនា​ការចុះ​យក​គំរូ​ស្រាស​និង​ស្រាថ្នាំដើម្បី​វិភាគ​រក​សារធាតុ​មេ​តា​ណុល​

ចែករំលែក៖

ភ្នំពេញ៖ បេី​យោង​តាមការបញ្ជាក់ពី​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក ក​.​ប​.​ប ​លោក ផាន អូន នៅថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២១​ បានថ្លែង​ថា៖​ បន្ទាប់ពី​មានករណី​ពុល​ស្រា​ បានកើត​ឡើងជា​បន្តបន្ទាប់​នៅតាម​បណ្តា​ខេត្ត​មួយចំនួន អគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) នៃ​ក្រសួងពាណិជ្ជកម្ម បាន​បើក​យុទ្ធនា​ការចុះ​យក​គំរូ​ស្រាស ស្រាថ្នាំ​នៅ​ទូទាំងប្រទេស ដើម្បី​វិភាគ​រក​សារធាតុ​មេ​តា​ណុល​។​

លោកអគ្គនាយក ក​.​ប​.​ប បាន​ថ្លែងបន្ថែមទៀតថា ដោយមាន​ការណែនាំ​រប​ស់លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ លោក​បានដាក់​ចេញ​នូវ​យុទ្ធនា​ការឱ្យ​មន្ត្រី​នៅតាម​បណ្តា​សាខា ក​.​ប​.​ប រាជធានី ខេត្ត ចុះ​យក​សំណាក​គំរូ​ស្រាស ស្រាថ្នាំនៅតាម​បណ្តា​ទីតាំង​ផលិត និង​កន្លែង​លក់​ស្រាសស្រាថ្នាំ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​មក​វិភាគ​រកសារ​ធាតុ​មេ​តា​ណុល​នៅ​មន្ទីរពិសោធន៍​របស់​អគ្គ​នាយកដ្ឋាន ក​.​ប​.​ប​.​។

អគ្គនាយករូបនេះ បានបញ្ជាក់ទៀតថា ជាក់ស្តែង​ក្នុង​ខែមិថុនា​នេះ មន្ត្រី​សាខា ក​.​ប​.​ប​. នៅតាម​បណ្តា​រាជធានី ខេត្ត​ចំនួន​១៧ បាន​ចុះ​យក​គំរូ​ស្រាស ស្រាថ្នាំ​មក​វិភាគ​នៅ​មន្ទីរពិសោធន៍​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បាន​ចំនួន​១៧៨​គំរូ​។ ក្នុងនោះ​យោងតាម​លទ្ធផល​វិភាគ សំណាក​គំរូ​ស្រា​អស់នោះ ពុំមាន​វត្តមាន​សារធាតុ​មេ​តា​ណុល​ដែលជា​សារធាតុ​បង្ក​គ្រោះ​ឡើយ​។

បន្ថែមពីនេះ លោកអគ្គនាយកក.ប.ប បានលើកឡើង​ទៀតថា អគ្គនាយកដ្ឋាន ក​.​ប​.​ប​. នឹង​បន្ត​យុទ្ធនា​ការចុះ​អប់រំ ផ្សព្វផ្សាយ​ការយល់ដឹង និង​យក​សំណាក​គំរូ​ស្រាស​និង​ស្រាថ្នាំ ឲ្យ​បាន​គ្រប់​រាជធានី ខេត្ត ពិសេស​តំបន់​ដាច់ស្រយាល​មក​វិភាគ​រកសារ​ធាតុ​បង្ក​គ្រោះ ដើម្បី​ទប់ស្កាត់​ករណី​ពុល​ស្រា​មិនឱ្យ​កើតឡើង​បន្តទៀត​។

​គួរបញ្ជាក់ថា គិត​ចាប់ពី​ខែមករា រហូត​ត្រឹម​ខែមិថុនា​នេះ អ្នកស្លាប់​បាត់បង់​ជីវិត​ដោយសារ​ករណី​ពុល​ស្រាស ចំនួន​សរុប​ប្រមាណ​ជាង ៤០​នាក់ដែល​ករណីនេះ​បានកើត​ឡើង​នៅក្នុង​ខេត្ត​ចំនួន​៤​គឺ ខេត្តពោធិ៍សាត់ កណ្តាលព្រៃវែង និង​ខេត្តកំពត​៕​ដោយ៖សហការី


ចែករំលែក៖