ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បានមានប្រសាសន៍ថា, ៧០ ឆ្នាំកន្លងទៅនេះ កម្ពុជាបានឆ្លងកាត់នូវរឿងរ៉ាវលំបាកជាច្រើន ដែលគ្រប់ដំណាក់កាលទាំងអស់គឺតែងតែមានវត្តមាន “គណបក្សប្រជាជនកម្ពុជា” នៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋខ្មែរគ្រប់ពេលវេលា។
សម្តេចតេជោបានថ្លែងបន្តថា, សន្តិភាព ស្ថិរភាព និងរាល់នូវសមិទ្ធផលដែលយើងសម្រេចបានមកដល់ពេលនេះ គឺបានមកពីការយកអាយុជីវិតធ្វើដើមទុនជាមួយនឹងពលិកម្មដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់យុទ្ធជន យុទ្ធនារី មន្ត្រីរាជការ សមាជិក សមាជិកាគណបក្ស រួមទាំងបងប្អូនជនរួមជាតិរាប់លាននាក់ដែលបានចូលរួមក្នុងបុព្វហេតុជាតិមាតុភូមិ ជាមួយនឹងការគាំទ្រដ៏ស្មោះស ពីបណ្ដាប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិដែលបានធ្វេីអោយកម្ពុជាមានសុខសន្តិភាពនិងរីកចម្រេីនមកទល់សព្វថ្ងៃ។
សម្តេចតេជោ ហ៊ុនសែន សូមអរគុណបងប្អូនជនរួមជាតិ និងសមាជិកសមាជិកា ព្រមទាំងក្មួយៗទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រនិងបោះឆ្នោតអោយគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសមកទល់សព្វថ្ងៃ។ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រទេសជាតិនឹងកាន់តែរីកចម្រេីនរុងរឿង៕
អរគុណសន្តិភាព
ដោយ៖ សុខ ខេមរា