ខេត្តបាត់ដំបង៖ នារីអាយុ២០ឆ្នាំម្នាក់ត្រូវបានសមត្ថកិច្ចក្រុងបាត់ដំបងឃាត់ខ្លួននៅយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ កន្លងមកដោយសារប្រើអំពើហិង្សាលើបុរសម្នាក់បណ្តាលឲ្យរងរបួសក្បាលធ្ងន់ធ្ងរ។
ករណីខាងលើនេះបានកើតឡើងនៅភូមិចំការឬស្សីសង្កាត់ព្រែកព្រះស្តេចក្រុងបាត់ដំបង ។
មូលហេតុដែលបង្កជាហិង្សាដោយសារតែនារីរូបនេះខឹងបុរសរងគ្រោះវាយបងប្រុសខ្លួនរបួសទើបរូបគេ ប្រើកាំបិតប៉័ងតោ កាប់ទៅលើបុរសនោះ បណ្តាលឱ្យរបួសក្បាល ធ្ងន់ធ្ងរ ។
លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាល ក្រុងបាត់ដំបង បានឲ្យដឹងថាៈ ជនសង្ស័យ ឈ្មោះ ថន ដាណែត អាយុ២០ឆ្នាំ មានទីលំនៅភូមិចំការឫស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានយកកាំបិតបុ័ងតោ កាប់ទៅលើជនរងគ្រោះ ឈ្មោះ ឡាច ងួនយី ភេទប្រុស អាយុ ២៤ ឆ្នាំ នៅភូមិ ១៣ មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង បណ្តាលឱ្យរងរបួសត្រង់ក្បាល និងកំពុងសំរាកព្យាបាល នៅមន្ទីពេទ្យបង្អែកខេត្ត។
លោកអធិការក្រុង បានបញ្ជាក់ថាៈ ស្ត្រីជាជនដៃដល់ខឹងជនរងគ្រោះ វាយទៅលើ បងប្រុសបង្កើតរបស់ខ្លួន ទើបកើតជាគំនុំ បង្កហិង្សាយកកាំបិតប៉័ងតោ កាប់ទៅលើ ជនរងគ្រោះវិញ ត្រូវត្រង់ក្បាល បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរហើយសមត្ថកិច្ចបានដកហូត កាំបិតបុ័ងតោ ១ ជាវត្តុតាងបង្ករបួសស្នាម។
លោកបានបញ្ជាក់ថាៈ យោងតាមបទបញ្ជា របស់លោក កែវ សុជាតិ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត នៅយប់ថ្ងៃដដែល កម្លាំងនគរបាលក្រុង បានចាប់ឃាត់ខ្លួន ស្ត្រីជាជនដៃដល់ ខាងលើ និងកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ អរុណរះ