ភ្នំពេញ៖ បន្ទាប់ពីរដ្ឋបាលខណ្ឌច្បារអំពៅបានរៀបចំធ្វើសួនច្បារមុខវត្តនិរោធរង្សី ឱ្យមានសោភណភាព បរិស្ថានស្រស់ស្អាត ឥឡូវនេះរដ្ឋបាលខណ្ឌបានបន្តដាំដើមឈើនៅលើសួនបន្ថែមទៀត ដើម្បីចូលរួមអបអរសាទរបុណ្យ រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២១ ។
ពិធីដាំដើមឈើនៅតាមផ្លូវជាតិលេខ១ មុខវត្តនិរោធរង្សីនេះ បានធ្វើនៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ដឹកនាំដោយលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងមានការនិមន្តចូលរួមពី ព្រះអគ្គញាណ ស្រេង សុខា ព្រះចៅអធិការវត្តនិរោធរង្សី ព្រមទាំងព្រះសង្ឃជាច្រើនអង្គ លោក-លោកស្រី ជាអភិបាលរងខណ្ឌ កងកម្លាំងនគរបាលខណ្ឌ កម្លាំងកងរាជអាវុធហត្ថខណ្ឌ កម្លាំងយុវជនខណ្ឌនិងមន្ត្រីសាលាខណ្ឌជាច្រើនរូបទៀត ។
ក្នុងពិធីនេះដែរលោកអភិបាលខណ្ឌបានជំរុញដល់អាជ្ញាធរសង្កាត់ ត្រូវយកចិត្តទុកដាក់ចូលរួមដាំដើមឈើគ្រប់ប្រភេទនៅតាមទីវត្តអារាម សាលារៀន ភូមិឋាន ប្រឡាយទឹក ដងផ្លូវ និងនៅតាម ទីសាធារណៈនានា ។ ការដាំដើមឈើនៅតាមសាលារៀន វត្តអារាម និងទីសាធារណៈនានា គឺមានគោលបំណងជួយថែរក្សាបរិស្ថាន បង្កើនទេសភាព សោភណភាព បង្កើតម្លប់ពណ៌បៃតង និងជាម្លប់ដ៏ត្រជាក់សម្រាប់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយើង ជាពិសេស គឺជួយកែប្រែបរិយាកាសធម្មជាតិនៅតាមសាលារៀន វត្តអារាម និងទីសាធារណៈនានាឱ្យកាន់តែល្អប្រសើរថែមទៀត។ លើសពីនេះទៀតត្រូវនាំគ្នាថែទាំដើមឈើឱ្យរស់លូតលាស់ល្អ ហើយត្រូវជំរុញចលនាប្រជាពលរដ្ឋគ្រប់រូបនៅតាមមូលដ្ឋាន ព្រះសង្ឃគ្រប់ព្រះអង្គ នៅតាមវត្តអារាមឱ្យចូលរួមសកម្មភាពដាំដើមឈើ រួមទាំងដាំដើមឈើហូបផ្លែផងដែរឱ្យបានគ្រប់ទីកន្លែងទាំងអស់ដែលមានដីទំនេរសម្រាប់ ទុកជាគុណប្រយោជន៍របស់ខ្លួនយើង ក្រុមគ្រួសារយើង និងរបស់សង្គមជាតិយើង ។
ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌ បានផ្ដាំផ្ញើដល់មន្ត្រីសាលាខណ្ឌគ្រប់ផ្នែក គ្រប់ការិយាល័យ លោកគ្រូ អ្នកគ្រូ ព្រះសង្ឃគ្រប់អង្គ ត្រូវបន្ដយកចិត្តទុកដាក់អនុវត្តតាម អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នូវវិធានការ ៣កុំ ៣ការពារ និងគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល ៕
ដោយ ៖ សណ្តោស