ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តស្ទឹងត្រែងបិទខ្ទប់បណ្ដោះអាសន្នទីតាំងផ្ទះសំណាក់ពន្លឺថ្មី និងអាហារដ្ឋានរីករាយ ស្ថិតនៅចំណុចអូរពងមាន់ !

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្ដីសម្រេចស្ដីពីការបិទខ្ទប់បណ្ដោះអាសន្នទីតាំងផ្ទះសំណាក់ពន្លឺថ្មី និងអាហារដ្ឋានរីករាយ ស្ថិតនៅចំណុចអូរពងមាន់ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ចាប់ពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ រហូតដល់មានការជូនដំណាងសារជាថ្មី។

ប្រការ ១..ត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្ននូវផ្ទះសំណាក់ “ពន្លឺថ្មី និងអាហារដ្ឋាន “រីករាយ” ស្ថិតនៅចំណុច អូរពងមាន់ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែលជាទីតាំងបានរកឃើញមាន ករណីវិជ្ជមានជំងឺកូវីដ-១៩ ដោយគិតចាប់ពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១តទៅ រហូតដល់មានការជូន ដំណឹងសារជាថ្មី។

ការបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងមូលដ្ឋាន ដែលបានរកឃើញមានករណីវិជ្ជមានជំងឺកូវីដ-១៩នេះ មានគោលបំណងដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ក្នុងសហគមន៍ ធានាការពារបានអាយុជីវិត ប្រជាជន សុខភាពសាធារណៈ និងសន្តិសុខសុវត្ថិភាពសង្គម។

 ប្រការ ២._ក្នុងអំឡុងពេលបិទខ្ទប់ជាបណ្តោះអាសន្ននូវផ្ទះសំណាក់ ពន្លឺថ្មី និងអាហារដ្ឋាន “រីករាយ” ស្ថិតនៅ ចំណុចអូរពងមាន់ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង អាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធក្នុងខេត្តស្ទឹងត្រែង ត្រូវ៖

– ហ៊ុំព័ទ្ធទីតាំងផ្ទះសំណាក់ “ពន្លឺថ្មី” និងអាហារដ្ឋាន “រីករាយ” ដូចបានកំណត់ខាងលើ

– ផ្អាកការចេញ-ចូលទីតាំងនេះ

– អ្នករស់នៅ និងអ្នកដែលមានការប៉ះពាល់នឹងអ្នកវិជ្ជមានជំងឺកូវីដ-១៩ក្នុងទីតាំងនេះ ចាប់ពីថ្ងៃទី ១៤ ខែមិថុនា ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័ក និងធ្វើតេស្តសំណាកវិភាគ រកជំងឺកូវីដ-១៩

– បន្តស្រាវជ្រាវរកអ្នកដែលមានការពាក់ព័ន្ធផ្ទាល់ និងប្រយោលដើម្បីយកសំណាកវត្ថុវិភាគ និងធ្វើ ចត្តាឡីស័ក

– អនុវត្តវិធានការពិន័យអន្តរការណ៍តាមច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន ចំពោះបុគ្គលណា ដែលមិនគោរពដោយចេតនានូវវិធានការរដ្ឋបាល និងវិធានការសុខាភិបាលរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះ ថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដោយមិនទាន់គិតដល់បទល្មើសព្រហ្មទណ្ឌផ្សេងទៀត។

ប្រការ ៣.…បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

ប្រការ ៤…នាយករដ្ឋបាលសាលាខេត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត មេបញ្ជាការនៃបញ្ជាការដ្ឋានតំបន់ ប្រតិបត្តិការសឹករងស្ទឹងត្រែង មេបញ្ជាការនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត អភិបាលនៃគណៈអភិបាល ក្រុងស្ទឹងត្រែង ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ប្រធានមន្ទីរ-អង្គភាពក្នុងខេត្ត និងអ្នកពាក់ព័ន្ធ ត្រូវ ទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះឲ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖