ភ្នំពេញ៖ បេីតាមការបញ្ជាក់ពីលោក ឯម ភារី នាយនគរបាលប៉ុស្តិ៍ ស្ទឹងមានជ័យទី៣ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះថា៖ ក្រុមគ្រូពេទ្យជំនាញរកឃើញកម្មកររោងចក្រកាត់ដេរយីហោ”ជេអេចហ្គាមិនខេមបូឌា” នៅសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រហូតដល់២១៣នាក់ មានវិជ្ជមានជំងឺកូវីដ-១៩ក្នុងចំណោមកម្មករសរុប៨១៧នាក់។
លោកនាយនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ បានបន្ថែមទៀតថា កាលពីថ្ងៃទី២៨ ខែមិថុនាម្សិលមិញនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ បានចុះទៅយកសំណាកពីកម្មករ កម្មការិនីបម្រើការនៅរោងចក្រកាត់ដេរ “ជេអេចហ្គាមិនខេមបូឌា” មានទីតាំងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដែលការចុះយកសំណាកនេះគឺធ្វើឡើងចាប់ពីម៉ោង១០ព្រឹកថ្ងៃទី២៨ ខែមិថុនា រហូតដល់យប់ថ្ងៃដដែល។ ការចុះយកសំណាកនោះបានរកឃើញកម្មករ កម្មការិនីមានវីជ្ជមានកូវីដ-១៩ ចំនួន២១៣ ក្នុងចំណោមកម្មករ៨១៧នាក់។លោក ឯម ភារី បន្តទៀតថា ក្រោយរកឃើញហេីយអ្នកជំងឺកូវីដទាំងអស់នេះ ត្រូវបានដឹកយកទៅព្យាបាល។ ចំណែកឯអ្នកអវិជ្ជមាន ក៏ត្រូវបានក្រុមគ្រូពេទ្យអនុញាតឱ្យត្រឡប់ទៅផ្ទះ និងធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ ដាច់ដោយឡែកពីគេ៕
ដោយ៖សហការី