ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ បានបន្តបង្ហាញពី វឌ្ឍនភាពនៃការអនុវត្តគម្រោងកម្មវិធីទី១៥៖ គម្រោងកម្មវិធីអភិវឌ្ឍន៍វារីវប្បកម្មសម្រាប់និរន្តរភាពពាណិជ្ជកម្មនៅប្រទេសកម្ពុជា (CAST-Cambodia)៖
លោករដ្ឋមន្ត្រីបញ្ជាក់ថា, គម្រោងនេះ បានទទួលហិរញ្ញប្បទានឥតសំណងពីក្រសួងកសិកម្ម សហរដ្ឋអាមេរិក ដែលមានទឹកប្រាក់សរុបចំនួន ១៧,១ លានដុល្លារអាមេរិក សម្រាប់រយៈពេល ៥ ឆ្នាំនៃការអនុវត្តគម្រោង ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ។
ទោះបីជាមានការរំខានដោយជំងឺរាតត្បាតកូវីដ ១៩ លើការធ្វើដំណើរអន្តរជាតិ ការរឹតត្បិតម្តងម្កាលលើការធ្វើដំណើរក្នុងប្រទេសកម្ពុជា និងការធ្លាក់សេដ្ឋកិច្ចយ៉ាងណាក្តី ក៏គម្រោងអភិវឌ្ឍន៍វារីវប្បកម្ម សម្រាប់និរន្តរភាពពាណិជ្ជកម្មនៅប្រទេសកម្ពុជា (Commercialization of Aquaculture for Sustainable Trade in Cambodia “CAST-Cambodia”) នៅតែអាចបន្តអនុវត្តសកម្មភាពចាប់ពីខែ តុលា ឆ្នាំ ២០២០ រហូតដល់បច្ចុប្បន្ន ដែលឆ្នាំទី៣នៃការអនុវត្តគម្រោង។ ដំបូងឡើយ គម្រោង CAST គ្រោងសម្រេចឱ្យបានលទ្ធផលច្រើនជាងពេលមុនៗ ប៉ុន្តែដោយសារការផ្ទុះឡើងនៃជំងឺកូវីដ ១៩ ក្នុងសហគមន៍ចំនួន ៣ លើក ផែនការទាំងនេះត្រូវបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។
សមាគមវារីវប្បករនៅកម្ពុជា (CAA) ដែលទើបតែត្រូវបានបង្កើតឡើងមិនដល់មួយឆ្នាំផង ក៏ត្រូវបានទទួលស្គាល់ក្នុងនាមតំណាងឱ្យវារីវប្បករ។ ក្នុងពេលដំណាលគ្នានេះ វារីវប្បករលក់ “ផលវារីវប្បកម្ម” មានតម្លៃថោក ហើយអ្នកប្រមូលទិញ និងអ្នកលក់ដុំមានភាពស្ទាក់ស្ទើរក្នុងការសហការជាមួយវារីវប្បករ ដោយឱ្យតម្លៃផលវារីវប្បកម្មក្នុងស្រុកទាបជាង ឬស្មើតម្លៃត្រីនាំចូល។
១. កិច្ចសហការ និងការរួមចំណែករបស់គម្រោង CAST
គម្រោង CAST បានរួមចំណែកផ្តល់ព័ត៌មាន បច្ចុប្បន្នភាពរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងផែនការប្រចាំឆ្នាំ (AWP) និងសូចនាករពិនិត្យតាមដានរួម (JMI) ជារៀងរាល់ឆ្នាំ ដែលជះឥទ្ធិពលលើផែនការអភិវឌ្ឍន៍រួមរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការសម្របសម្រួលដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ គម្រោង CAST បានរួមយ៉ាងសកម្មជាមួយអនុក្រុមការងារបច្ចេកទេសជលផល ដែលរដ្ឋបាលជលផលជាសហប្រធាន ជាមួយគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បី ចែករំលែក និងសម្របសម្រួលសកម្មភាពនានា។
គម្រោងនេះ បានសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលជលផលក្នុងផ្នែកបណ្តុះបណ្តាលបច្ចេកទេស និងសកម្មភាពផ្សារភ្ជាប់ទីផ្សារ។ មន្រ្តីរដ្ឋបាលជលផលថ្នាក់ជាតិ និងថ្នាក់ខេត្តបានចូលរួមក្នុងវគ្គបណ្តុះបណ្តាល បច្ចេកទេសក្នុងការផលិតកូនត្រីពូជ បុគ្គលិករោងចក្រផលិតចំណីត្រី និងអ្នកចែកចាយចំណីត្រី ក៏ដូចជាព្រឹត្តិការណ៍ផ្សារភ្ជាប់ទីផ្សារ។ តាមរយៈការចូលរួម និងកិច្ចសហការទាំងនេះ និងទន្ទឹមនឹងការទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីរដ្ឋបាលជលផលក្នុងផ្នែកគោលនយោបាយ និងការគាំទ្រផ្នែកបច្ចេកទេស គម្រោង CAST រួមចំណែកជួយការកសាងសមត្ថភាពមន្ត្រីរដ្ឋបាលជលផល ជាពិសេសមន្ត្រីថ្នាក់ខេត្ត។
២. ការអនុវត្តគម្រោង
១) ការកសាងសមត្ថភាពភ្នាក់ងារសេវាផ្សព្វផ្សាយកសិកម្ម
សកម្មភាពនេះពាក់ព័ន្ធនឹងកិច្ចសហការរវាងបុគ្គលិកនៃគម្រោង CAST សាកលវិទ្យាល័យ Auburn និងដៃគូនៅមូលដ្ឋានរបស់ KSU (CESAIN)។ ទោះបីជាមានការផ្ទុះជំងឺកូវីដ ១៩ ចំនួន ៣ លើកនៅកម្ពុជា និងការបង្កើនការរឹតត្បិតរបស់រាជរដ្ឋាភិបាលកម្ពុជាក្តី ក៏សាកលវិទ្យាល័យ Auburn នៅតែអាចបញ្ជូនបុគ្គលិកជនជាតិអាមេរិកមកកាន់កម្ពុជា ដើម្បីផ្តល់ជំនួយបច្ចេកទេស។
២) ការអភិវឌ្ឍអ្នកជំនួញកសិកម្ម និងអ្នកផ្គត់ផ្គង់ធាតុចូលផ្សេងៗទៀតនៅឆ្នាំដំបូង គម្រោងនេះ បានចុះឈ្មោះតែកន្លែងផលិតចំណីត្រីមួយប៉ុណ្ណោះ ដែលផលិតចំណីសម្រាប់វារីវប្បកម្មនៅកម្ពុជា ជាក្រុមហ៊ុនទទួលផលពេញសិទ្ធិ។ បច្ចុប្បន្ន បានកត់សម្គាល់ឃើញថា ការនាំចូលចំណីត្រីមកកម្ពុជា ដើម្បីតបំពេញម្រូវការក្នុងការវារីវប្បកម្ម។ CAST ក៏បានផ្ដល់ធាតុចូលដល់ក្រុមហ៊ុនផលិតចំណីមួយចំនួន ដោយបានបណ្ដុះបណ្ដាលចំណេះដឹង និងបច្ចេកទេសវារីវប្បកម្ម។
លទ្ធផលបង្ហាញថា អ្នកទទួលផលផ្ទាល់១០០%ពីគម្រោងCAST ដែលបានចូលរួមវគ្គបណ្តុះបណ្តាល ក្រោមសកម្មភាពនេះនៅខែធ្នូ ឆ្នាំ ២០២០ និងត្រូវបានជ្រើសរើសដោយចៃដន្យ នៅតែចងចាំខ្លឹមសារសំខាន់ៗពីវគ្គបណ្តុះបណ្តាលនោះ។ ស្ថានីយ៍ផលិតកូនត្រីពូជចំនួន ៣៤% ដែលបានបណ្តុះបណ្តាល និងជ្រើសរើសដោយចៃដន្យ បានអនុវត្តបច្ចេកទេស/បច្ចេកវិទ្យាក្នុងរយៈពេល ៦ ខែ ក្រោយការបណ្តុះបណ្តាល។ ក្រៅពីនេះ យើងរកឃើញថា ក្នុងចំណោមស្ថានីយផលិតកូនត្រីពូជចំនួន ១២ កន្លែង ក្នុងនោះមាន ២ កន្លែង(១៦,៧%) កំពុងផ្គត់ផ្គង់កូនត្រីដល់ទីផ្សារ/អ្នកចិញ្ចឹម តាមស្តង់ដារគុណភាពដែលបានកែលម្អជាអប្បបរមា។
កសិករភ្ញាស់ត្រីដែលទទួលការគាំទ្រពីគម្រោង CAST បានផ្គត់ផ្គង់កូនត្រីចំនួន ១ ០៩៤ ៨៩៩ ក្បាលដល់ទីផ្សារ និងពួកគាត់បានទទួលព័ត៌មានទីផ្សារតាមរយៈការអន្តរាគមន៍គម្រោង។ បច្ចុប្បន្ន គម្រោង CAST ផ្តោតសំខាន់លើការរួមបញ្ចូលវិធីសាស្រ្តផ្សព្វផ្សាយដឹកនាំដោយវិស័យឯកជន តាមរយៈការផ្តល់លក្ខខណ្ឌការងារ (ToT) ដល់បុគ្គលិករោងចក្រផលិតចំណីត្រី និងបុគ្គលិកក្រុមហ៊ុននាំចូលចំណីត្រីចំនួន ៤២ នាក់។
៣) បណ្តុះបណ្តាល ការកែលម្អការគ្រប់គ្រងកសិដ្ឋាន
សកម្មភាពពាក់ព័ន្ធនឹងការបណ្តុះបណ្តាល ការផ្តល់ជំនួយបច្ចេកទេស និងការបង្កើតបណ្តាញពង្រឹងការយល់ដឹងពីការអនុវត្តវារីវប្បកម្មល្អក្នុងចំណោមវារីវប្បករ និងអ្នកផ្គត់ផ្គង់ចំណីត្រី និងកូនត្រីពូជ។
នៅខែតុលា CAST បានផ្ដល់វគ្គបណ្តុះបណ្តាលស្តីពីមេគុណចំណី (FCR) និងរបៀបនៃការគ្រប់គ្រងចំណីត្រីសមស្រប នៅរោងចក្រផលិតចំណីត្រី Agri Master ដល់បុគ្គលិកចំនួន ១៣នាក់ និងនៅវិទ្យាស្ថាន NARDI ចំនួន ៤៩នាក់ (មន្រ្តីរដ្ឋបាលជលផល និងវារីវប្បករ)។ ខែធ្នូបានផ្ដល់វគ្គបណ្តុះបណ្តាលវារីវប្បករ និងម្ចាស់កសិដ្ឋានផលិតកូនត្រីពូជ នៅកសិដ្ឋានផលិតកូនត្រីពូជរដ្ឋាដា ខេត្តសៀមរាប មានសិក្ខាកាមចំនួន ១៩ នាក់ និងនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) មានចំនួន ២៧នាក់ រួមទាំងមន្ត្រីជំនាញនៅ CESAIN។
តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមនៃការរកទីផ្សាររបស់គម្រោង សមាគមវារីវប្បករ អ្នកបច្ចេកទេស និងវារីវប្បករចំនួន ១៧៨ នាក់ បានទទួលព័ត៌មានទីផ្សារតាមរយៈគម្រោង (ស្មើនឹងការសម្រេចបានចំណុចដៅប្រចាំឆ្នាំចំនួន ៩៦% ក្នុងឆ្នាំសារពើពន្ធនេះ) គឺត្រីចំនួន ១៩៣ តោនត្រូវបានលក់ក្នុងទីផ្សារ។
៤) ការបណ្តុះបណ្តាលកសិដ្ឋានបង្ហាញ
គម្រោង CAST កំណត់ថាត្រូវមានកសិដ្ឋានចិញ្ចឹមត្រី និងកសិដ្ឋានផលិតកូនត្រីពូជបន្ថែមសម្រាប់ការបង្ហាញបច្ចេកទេសផលិតកម្មលក្ខណៈពាណិជ្ជកម្ម ហើយបានកំណត់ទីតាំង ២ ក្នុងខេត្តសៀមរាបដែលមានលក្ខណៈសម្បត្តិជា “កសិដ្ឋានបង្ហាញ” របស់គម្រោង CAST។ ទីតាំងទីមួយគឺកសិដ្ឋានរដ្ឋាដា ដែលពង្រីកពីកន្លែងផលិតកូនត្រីពូជ ទៅជាកន្លែងចិញ្ចឹមត្រីលក្ខណៈពាណិជ្ជកម្មដែលមានពូជត្រីចម្រុះ។ ទីតាំងទីពីរគឺនៅកំពង់ឃ្លាំង ដែលកម្មវិធី ASA/WISHH បានផ្តល់ហិរញ្ញប្បទានដល់ការគ្រប់គ្រងការចិញ្ចឹមត្រីរ៉ស់លក្ខណៈពាណិជ្ជកម្ម ជាប្រភេទត្រីដែលនិយមនៅកម្ពុជា។
ស្ដែងចេញពីសកម្មភាពនេះ វគ្គបណ្តុះបណ្តាលស្តីពី សុវត្ថិភាពចំណីអាហារ SPS របស់គម្រោង CAST និងកម្មវិធីអភិវឌ្ឍន៍ស្តង់ដារ ក្រោយការប្រមូលផលដែលរៀបចំដោយរដ្ឋបាលជលផល។ គម្រោងនេះ បានកំណត់ទីតាំងដែលមានសក្តានុពលពីរផ្សេងទៀត ទីមួយស្ថិតនៅខេត្តសៀមរាប សម្រាប់បង្ហាញដល់កសិដ្ឋានផលិតកូនត្រីពូជ អ្នកបំប៉នកូនត្រី និងអ្នកចិញ្ចឹម និងទីតាំងទីពីរស្ថិតក្នុងខេត្តកំពង់ធំ។ ត្រីដែលផលិតបានតាមការបណ្ដុះបណ្ដាលរបស់គម្រោងចំនួន ៣ ៤៩៨,៥ គ.ក្រ ត្រូវបានទិញយកទៅកែច្នៃនៅខេត្តកំពង់ធំ បាត់ដំបង និងរាជធានីភ្នំពេញ។
៥) ការបណ្តុះបណ្តាលស្តង់ដារអនាម័យ និងស្តង់ដារភូតគាមអនាម័យ
បញ្ហាក្នុងការជ្រៀតចូលទីផ្សារគោលដៅតាមមូលដ្ឋាន និងនាំចេញ គឺកង្វះស្តង់ដារអនាម័យ និងស្តង់ដារភូតគាមអនាម័យថ្នាក់ជាតិ (SPS)។ បញ្ហានេះត្រូវដោះស្រាយជាដោយផ្តោតលើអាទិភាពតម្លៃ និងការយល់ដឹងរបស់អ្នកប្រើប្រាស់។
គម្រោងង CAST បានពិភាក្សាជាមួយរដ្ឋបាលជលផលជលក្នុងការអនុវត្តការងារ។ កិច្ចពិភាក្សានេះបានជួយដល់គម្រោងក្នុងការបង្កើតប្រធានបទបណ្តុះបណ្តាល ស្តីពីស្តង់ដារអនាម័យ និងស្តីពីភូតគាមអនាម័យ ចំនួន១៣លើក។ បច្ចុប្បន្ន វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងសម្រាប់សហគ្រាសខ្នាតតូច និងមធ្យមចំនួន ៣៨លើក ស្មើនឹង ៤៣% នៃចំណុចដៅសូចនាករប្រចាំឆ្នាំរបស់គម្រោង។ ក្រុម SPS បានជួយរៀបចំយុទ្ធនាការដែលផ្តោតសំខាន់លើការលុបបំបាត់ការយល់ខុសជុំវិញត្រីចិញ្ចឹម។ ក្រោមភាពជាដៃគូនេះ ក្រុម SPS បានសម្របសម្រួលការធ្វើសំណាកត្រីនៅស្រះ CESAIN ដែលសំណាកត្រីចិញ្ចឹមត្រូវបានបញ្ជូនទៅធ្វើវិភាគនៅមន្ទីរពិសោធន៍នាទីក្រុងហូជីមីញ។
៦) ការកសាងសមត្ថភាព សេវាអភិវឌ្ឍន៍អាជីវកម្ម (BDS)
សកម្មភាពនេះ មានគោលបំណងពង្រឹងសមត្ថភាពគ្រប់គ្រងអាជីវកម្មវារីវប្បកម្មរបស់សហគ្រាសខ្នាតតូច និងមធ្យម ដែលពាក់ព័ន្ធក្នុងផលិតកម្មវារីវប្បកម្ម កែច្នៃ និងសេវាគាំទ្រ (ឧ. ធាតុចូលដែលមានគុណភាព) ដល់តួអង្គក្នុងទីផ្សារ។
WVI-CAST បានផ្តល់វគ្គបណ្តុះបណ្តាល BDS ដល់អ្នកចូលរួម ៧៧ នាក់ មកពីសហគ្រាសខ្នាតតូច និងមធ្យមចំនួន ៥០នាក់ ដែលជាអ្នកទទួលផលពីគម្រោង CAST។ WVI-CAST បានផ្តល់មូលនិធិផ្គូរផ្គងដល់សហគ្រាសខ្នាតតូច និងមធ្យមចំនួន ១២ ដែលទទួលការបណ្តុះបណ្តាល និងជំនួយបច្ចេកទេសពីគម្រោង ព្រមទាំងបំពេញលក្ខណៈវិនិច្ឆ័យសម្រាប់ការទទួលមូលនិធិពីសហហិរញ្ញប្បទាន។
៧) ការកសាងសមត្ថភាពក្រុមអ្នកផលិត
ការចាប់ផ្តើមវគ្គបណ្តុះបណ្តាល និងសកម្មភាពនៅខែ ធ្នូ ឆ្នាំ ២០១៩ រហូតមកទល់បច្ចុប្បន្ន គម្រោង CAST ៖
បានបង្កើតអ្នកផលិតចំនួន ៣៤ កម្រង
សមាជិក ២៩២ នាក់ បានក្លាយជាអ្នកទទួលផលពេញសិទ្ធិពីគម្រោង CAST និង
សមាជិក ២៥២ នាក់ត្រូវបានដាក់បញ្ចូលជាសមាជិកពេញសិទ្ធិរបស់ CAA។
៨) ការបណ្តុះបណ្តាល ការកែលម្អទីផ្សារ និងការបង្កើតស្លាកសញ្ញាផលិតផល
សកម្មភាពនេះ ដើម្បីបង្កើនលទ្ធភាពឱ្យទទួលបានតម្លៃខ្ពស់ តាមរយៈការកសាងការយល់ដឹងរបស់អ្នកប្រើប្រាស់ស្តីពីគុណភាពផលត្រីដែលចិញ្ចឹមនៅកម្ពុជា និងការពង្រឹងការផ្សារភ្ជាប់រវាងអ្នកទិញ និងអ្នកលក់ក្នុងសង្វាក់តម្លៃ។
យុទ្ធនាការបង្កើនលទ្ធភាពទីផ្សារតម្លៃខ្ពស់ និងយល់ដឹងអំពីការចិញ្ចឹមត្រីដោយសុវត្ថិភាពនៅកម្ពុជា ស្ថិតក្រោមការសម្របសម្រួលពីរដ្ឋបាលជលផល ដោយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលជលផល និងផ្តល់ការគាំទ្រពីការិយាល័យប្រព័ន្ធគ្រប់គ្រងព័ត៌មាននៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ បរិមាណត្រីចំនួន ៤.៩៧០តោន ត្រូវបានលក់ និងកែច្នៃនៅទីផ្សារក្នុងស្រុក សម្រេចបាន៤៧% នៃចំណុចដៅប្រចាំឆ្នាំគម្រោង។ ទន្ទឹមនឹងនេះ អ្នកទទួលផលផ្ទាល់ពីគម្រោង CAST ចំនួន ៤៦នាក់ ដោយបានទទួលការបណ្តុះបណ្តាលពីសកម្មភាពនេះក្នុងការអនុវត្តការងារបច្ចុប្បន្ន។
៩) លទ្ធភាពជ្រៀតចូលទីផ្សារ សម្របសម្រួលប្រព័ន្ធតាមដានរកប្រភពដើម សម្រាប់វិស័យវារីវប្បកម្មក្នុងស្រុក
សកម្មភាពនេះ មានគោលបំណងគាំទ្រគ្រប់គ្រងការអនុលោមតាមស្តង់ដារអនាម័យ និងស្តង់ដារភូតគាមអនាម័យ ក៏ដូចជាស្តង់ដារផលិតផ្សេងទៀត និងប្រព័ន្ធគាំទ្រការបង្កើតស្លាកសញ្ញាផលិតផលត្រីចិញ្ចឹមដែលមានគុណភាពខ្ពស់ ប៉ុន្តែត្រូវបានបង្អាក់ដោយវិបត្តិជំងឺកូវីដ ១៩។ ទោះជាយ៉ាងណា គម្រោងបានបញ្ចប់កម្មវិធីសិក្សាបណ្តុះបណ្តាលស្តីពីប្រព័ន្ធតាមដានរកប្រភពដើម ដោយបានបណ្ដុះបណ្ដាលក្រុម SPS បានចំនួន ១៤នាក់ មកពីសហគ្រាសខ្នាតតូច និងមធ្យមចំនួន៧ ដែលជាជំហានដំបូងឆ្ពោះទៅរកការជ្រើសរើសអ្នកចែកចាយ និងក្រុមហ៊ុននាំចេញ ដើម្បីសាកល្បងប្រព័ន្ធតាមដានរកប្រភពដើម។
១០) សេវាហិរញ្ញវត្ថុ ផ្តល់ហិរញ្ញប្បទានដល់សហគ្រាសខ្នាតតូច និងមធ្យម កម្ចីសម្រាប់ជំនួយបច្ចេកទេស និងជំនួយឥតសំណង
គម្រោង CAST បានដឹងពី “ការជំពាក់បំណុលវណ្ឌក” ដោយអ្នកទទួលផ្ទាល់មួយចំនួនពីគម្រោង។ ដូច្នេះ ចំណុចផ្តោតសំខាន់គឺការធានាថា ជំនួយបច្ចេកទេសរួមបញ្ចូលការណែនាំស្តីពីរបៀបវាយតម្លៃលក្ខខណ្ឌកម្ចី មុននឹងផ្តល់មូលនិធិ។ ក្នុងអំឡុងពេលកំពុងអនុវត្តន៍ការងារ សេវាដែលផ្តល់ដោយក្រុម គឺស្មើនឹងចំណុចដៅប្រចាំឆ្នាំរបស់គម្រោងចំនួន ៧៧%។ ក្នុងរយៈពេល ២ ខែចុងក្រោយនៃអំឡុងពេលរាយការណ៍នេះ គ្រឹះស្ថានហិរញ្ញវត្ថុចម្រើនបានផ្តល់កម្ចី ១៦២ ០០០ដុល្លារ ដល់សហគ្រាសខ្នាតតូច និងមធ្យមចំនួន៧ សម្រាប់ការកែលម្អអាជីវកម្ម ស្មើនឹង ៧២% នៃចំណុចដៅប្រចាំឆ្នាំរបស់គម្រោងនៅឆ្នាំសារពើពន្ធ ២០២១។
សេចក្តីសន្និដ្ឋាន
ការប្រឈមនឹងជំងឺរាតត្បាតជាសកលនៅកម្ពុជា (ទោះបីមិនទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរដូចបណ្តាប្រទេសជាច្រើនក្តី) បានបង្កផលប៉ះពាល់លើសន្ទុះនៃការអនុវត្តសកម្មភាព និងការសម្រេចបាននូវលទ្ធផល ធាតុចេញ។ ការវាយតម្លៃពាក់កណ្តាលអាណត្តិ ដែលនឹងត្រូវបានបញ្ចប់នៅពេលរាយការណ៍បន្ទាប់ និងផ្តល់ព័ត៌មានបច្ចុប្បន្នភាពគ្រប់ជ្រុងជ្រោយនៃការអនុវត្ត។ ការវាយតម្លៃ ការវិភាគដោយគម្រោង CAST និងដៃគូ នឹងបង្ហាញពីយុទ្ធសាស្រ្តនានា យុទ្ធវីធីដែលយកមកប្រើដើម្បីសម្រេចបានគោលដៅសំខាន់ៗរបស់គម្រោង (សង្វាក់តម្លៃវារីវប្បកម្មដែលមានប្រសិទ្ធផល និរន្តរភាព និងប្រកបដោយភាពប្រកួតប្រជែង ដោយផ្អែកលើត្រីចិញ្ចឹមនៅកម្ពុជា)។ ជារួម គម្រោងបានឈានដល់ពាក់កណ្តាលទីនៃកិច្ចសន្យារយៈពេល ៥ ឆ្នាំ ដែលបានគ្រោងទុក៕
ដោយ ៖ សិលា