ភ្នំពេញ៖ ដោយសារតែការខ្វះការប្រុងប្រយ័ត្នទើបបង្កទៅជាគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តកុងតឺន័រមួយគ្រឿងខណៈកំពុងបើកបរបានរេចង្កូតទៅឡើងសួនច្បារពុះចែកទ្រូងផ្លូវ រួចបន្តទៅបុកបង្គោលភ្លើង១ដើមទៀត ប៉ុន្តែមិនបណ្ដាលឲ្យអ្នកធ្វើដំណើរនៅទីនោះ ឬតៃកុងរថយន្តរងរបួសឡើយ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤៥នាទីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចគីឡូម៉ែត្រលេខ៦ តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ មានបុរសម្នាក់បើករថយន្តកុងតឺន័រមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 3D-0274 បើកបរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចគីឡូម៉ែត្រលេខ៦ ស្រាប់តែរេចង្កូតឡើងលើសួនច្បារពុះចែកទ្រូងផ្លូវ រួចបន្តទៅបុកបង្គោលភ្លើង១ដើមទៀតទើបរថយន្តអស់ល្បឿន។ ប៉ុន្តែក្នុងហេតុការណ៍នេះមិនបណ្ដាលឱ្យមានមនុស្សរងរបួសឡើយ គ្រាន់តែខូចខាតសម្ភារប៉ុណ្ណោះ។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងកើតហេតុ រួចឃាត់តៃកុងរថយន្តកុងតឺន័រនាំមកប៉ុស្តិ៍នគរបាលគីឡូម៉ែត្រលេខ៦ ដើម្បីទាក់ទងទៅខាងកម្លាំងនគរបាលចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យករថយន្តនិងតៃកុងទៅសាកសួរ ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕
ដោយ ៖ រ៉ារ៉ា