ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តស្វាយរៀង រកឃើញអ្នកពាក់ព័ន្ធជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៩៣នាក់ និងជាសះស្បើយចំនួន ២៥នាក់ តាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលខេត្តស្វាយរៀង សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងសាធារណជនទាំងអស់មេត្តាជ្រាបថា នៅក្នុងខេត្តស្វាយរៀងកន្លងមកបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ សរុបចំនួន ២២៩០នាក់ ស្រី ១៣១៤នាក់ ករណី ជាសះស្បើយចំនួន ១៣៥៤នាក់ ស្រី ៧៨៥នាក់ ករណីកំពុងសម្រាកព្យាបាលចំនួន ៩១១នាក់ ស្រី ៥១៦នាក់ និងករណីស្លាប់ចំនួន ២៤នាក់ ស្រី ១៣នាក់ ។

យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលចេញថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ក្នុងខេត្តស្វាយរៀង ករណីជាសះស្បើយចំនួន ២៥នាក់ ស្រី ១៧នាក់ រកឃើញករណីថ្មីវិជ្ជមានកូវីដ-១៩ ចំនួន ៩៣នាក់ ស្រី ៥៣នាក់ និងករណីស្លាប់ចំនួន ០២នាក់ ស្រី ០១នាក់៖

បច្ចុប្បន្នអ្នកជំងឺកូវីដ-១៩ខាងលើ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ចំនួន ០៣នាក់ មន្ទីរពេទ្យបង្អែកស្វាយជ្រំ ចំនួន ០៩នាក់ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩បាវិត ចំនួន ៨០នាក់ ។

រដ្ឋបាលខេត្ត សូមអំពាវនាវដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកវីដ-១៩ និងទីតាំង ខាងលើ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល ១៤ថ្ងៃ ដើម្បីតាមដានសុខភាព ។ ប្រសិនបើមានអាការខុសប្រក្រតី ដូចជា ក្តៅខ្លួន, ក្អក, កណ្ដាស់, ឈឺបំពង់ក, ពិបាកដកដង្ហើម សូមផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ ទៅយកវត្ថុវិភាគសំណាកនៅក្នុងមូលដ្ឋានរបស់ខ្លួន ឬទំនាក់ទំនងមកកាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តលេខទូរស័ព្ទ ០៩៧ ៣៣៨ ៨៧៧៧ ឬទំនាក់ទំនងមកកាន់ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺ កូវីដ-១៩ ខេត្ត លេខទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧ / ០៨៨ ៧៨៣ ៦៦៦៦ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនជ្រាបជាព័ត៌មាន និង ចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការទប់ស្កាត់ ការពារជំងឺកូវីដ-១៩ «៣ ការពារ ៣ កុំ» ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ៕

ដោយ ៖ សិលា


ចែករំលែក៖