ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ដោយមានអ្នករួមដំណើរជាជនជាតិចិនម្នាក់ទៀតដែលមានអាការស្រវឹងស្រាជោកជាំបានបេីករថយន្តឡិចសុីសRX330ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបណ្ដាលឲ្យដាច់កាឡេកង់មុខអូសប្រហែល៣០ម៉ែត្ររងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចមុខក្រសួងមហាផ្ទៃ តាមបណ្ដោយផ្លូវព្រះនរោត្ដម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនកេីតហេតុ រថយន្តបង្កម៉ាកឡិចសុីសRX330 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BI-1353 បេីកបរដោយបុរសជនជាតិចិនមានគ្នាពីរនាក់ដែលស្រវឹងស្រាយ៉ាងខ្លាំង បានបើកតាមបណ្ដោយផ្លូវព្រះនរោត្ដមក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿន និងមិនប្រយ័ត្នបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង ធ្វេីឲ្យរបាំងថ្មបាក់អស់១កង់ខ្ទាតមកផ្លូវម្ខាងទៀត រីឯរថយន្តបង្កបានដាច់កាឡេកង់មុខផ្នែកខាងឆ្វេងអូសប្រហែល៣០ម៉ែត្រទេីបអស់ល្បឿន។
ក្នុងករណីគ្រោះថ្នាក់ចរារណ៍ខាងលេីនេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ ។ ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហេីយទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌចំការមន ចុះមកធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់ ៕
ដោយ ៖ ភារ៉ា ដង្កោ