ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង ស្លាប់ម្នាក់របួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តកោះកុង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយម៉ូតូមួយគ្រឿងបុកម៉ូតូមួយគ្រឿងទៀតយ៉ាងពេញទំហឹងបណ្តាលឲ្យមនុស្សម្នាក់ស្លាប់នៅនឹងកន្លែងនិង២នាក់រងរបួសធ្ងន់។

ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៤៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៨-៣៩ ស្ថិតក្នុងភូមិតាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ។

សាក្សីបានឲ្យដឹងថា មុនកើតហេតុមានម៉ូតូម៉ាកហុងដា អ៊ិចស៊ិនទ័រ ពណ៌ ខ្មៅ គ្មានស្លាកលេខមួយគ្រឿង បើកបរទិសដៅពីលិចទៅកើត ស្របទិសដៅគ្នាជាមួយម៉ូតូរងគ្រោះ ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុម៉ូតូនេះ បានបុកម៉ូតូរងគ្រោះពីក្រោយម៉ាកហុងដា វ៉េវ ពណ៌ខ្មៅ លាយស គ្មានស្លាកលេខ បណ្តាលឲ្យស្លាប់មនុស្សស្រីម្នាក់ ពេលបញ្ជូនទៅមន្ទីរពេទ្យបង្អែក ស្រុកស្រែអំបិល និងរងរបួសមនុស្សប្រុស២នាក់។

ប្រភពដដែលបានឲ្យដឹងទៀតថាជនបង្កឈ្មោះ ណន កុសល់ ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិតាបែន ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្ត កោះកុង (របួសស្រាល) ។ រីឯអ្នករួមដំណើរឈ្មោះ សល់ វិសាល ភេទប្រុស អាយុ ៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិតាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង (របួសស្រាល) ។ ដោយឡែកជនរងគ្រោះឈ្មោះ ឆោម រើន ភេទស្រី អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេផ្ទះ មានទីលំនៅភូមិតាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង (ស្លាប់)។

រីឯអ្នករបួស២នាក់ បានបញ្ជូនទៅមណ្ឌលសុខភាពអណ្តូងទឹក ស្រុកបូទុមសាគរ ។

សមត្ថកិច្ចជំនាញដែលចុះទៅវាសវែងបានឲ្យដឹងថា មូលហេតុបង្កឲ្យមានឧបទ្ទវហេតុនេះដោយសារ អ្នកបើកបរម៉ូតូបង្កខ្វះការប្រុងប្រយ័ត្ននិង ប្រើប្រាស់ល្បឿនលឿន ។ 

ក្រោយកើតហេតុ ម៉ូតូទាំងពីរគ្រឿងខាងលើដែលរងការ ខូចខាតត្រូវសមត្ថកិច្ច យកមករក្សាទុក នៅអធិការដ្ឋាន រង់ចាំការដោះស្រាយពេលក្រោយ ។ ចំណែកសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន ៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖