ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្ទាវ​ទះកំផ្លៀងបុរសវ័យចំណាស់ម្នាក់​ បន្ទាប់ពីជិះម៉ូតូលឿនទាក់ដៃកង់អាគុយ​ដួលទាំងសងខាង​ តែចុងក្រោយម្តាយចេញមុខសុំទោស

ចែករំលែក៖

ភ្នំពេញ​ ៖​ មានក្មេងស្ទាវឈាមរាវម្នាក់ជិះម៉ូតូលឿនទៅទាក់ដៃកង់អាគុយដែលជិះដោយបុរសវ័យចំណាស់ម្នាក់បណ្ដាលឱ្យដួលទាំងសងខាង​ ហើយក្មេងដ៏ជម្លើយនោះបានទះកំផ្លៀងទៅលេីបុរសវ័យចំណាស់ដែលជិះកង់អាគុយ​ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ​ និងសមត្ថកិច្ចចុះមកជួយធ្វើអន្តរាគមន៍​ កាលពីវេលាម៉ោង៧និង៤០នាទីព្រឹកថ្ងៃទី៣០​ ខែមិថុនា​ ឆ្នាំ២០២១​ តាមបណ្តោយផ្លូវបេតុង​សាលាកសិកម្មចំការដូង​ នៅភូមិខ្វា​រ សង្កាត់ដង្កោ​ ខណ្ឌដង្កោ រាជធានីភ្នំពេញ​ ។ 

    តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ខាងលេីបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសវ័យចំណាស់ម្នាក់បានជិះកង់អាគុយតាមបណ្ដោយផ្លូវបេតុងសាលាកសិកម្មចំការដូង​ ក្នុងទិសដៅពីកើតទៅលិច​ ខណៈមកដល់ចំណុចកើតហេតុ​ក៏ស្រាប់តែមានក្មេងស្ទាវម្នាក់ជិះម៉ូតូម៉ាកស្គូពី​ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ​ 1lM -9559  មកពីក្រោយក្នុងល្បឿនលឿនបានទាក់ដៃកង់អាគុយ​បណ្ដាលឱ្យដួលទាំងសងខាង ពេលនោះក្មេងទំនើងរូបនេះមិនបានជួយលើកកង់អាគុយរបស់បុរសចំណាស់ខាងលេី​ និងមិនបានសុំទោសអ្វីនោះទេ​ គឺបានលើកម៉ូតូរបស់ខ្លួនជិះបន្តទៅមុខបានប្រហែលជាង៥០​ម៉ែត្រស្រាប់តែក្មេងទំនើង​រូបនោះ​បានជិះម៉ូតូត្រឡប់មកក្រោយវិញ​ និងបានស្ទុះទៅទះកំផ្លៀងបុរសវ័យចំណាស់ជាជនរងគ្រោះមួយដៃបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលលក់ដូរនៅក្បែរនោះ និងអ្នកធ្វើដំណើរតាមផ្លូវឈប់ចុះទៅជួយ​ និងបានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ​ឲ្យជួយធ្វើអន្តរាគមន៍​ ។ 

  ពេលសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោចុះទៅដល់កន្លែងកើតហេតុក៏បានធ្វើការណែនាំទៅដល់ក្មេងទំនេីងរូបនោះដែរ​ តែក្មេងទំនើងរូបនេះមិនស្ដាប់ការណែនាំរបស់សមត្ថកិច្ច​នោះទេ គឺថែមទាំងប្រកែកថាខ្លួនអ្នកត្រូវទៀតផង​ ។ ស្របពេលនោះដែរក៏មានស្ត្រីវ័យប្រហែលជា៤០​ឆ្នាំម្នាក់បានចេញមកអះអាងថាខ្លួនត្រូវជាម្ដាយរបស់ក្មេងទំនើងរូបនោះហើយបានធ្វើការសុំទោសទៅលើក្រុមគ្រួសារបុរសវ័យចំណាស់ខាងលើនិងកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ​ឲ្យជួយលេីកលែង​ ទោសកំហុសដល់ក្មេងជម្លើយនោះផង។ 

    ជាចុងក្រោយ​ ដោយសារតែមានការអង្វរករពីស្ត្រីត្រូវជាម្ដាយ​ ទេីបក្រុមគ្រួសារបុរសវ័យចំណាស់ខាងលើបានឲ្យក្មេងទំនើងរូបនោះសុំទោសចំពោះមុខ​ដើម្បីបញ្ចប់រឿងនៅកន្លែងកេីតហេតុតែម្ដង​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖