ភ្នំពេញ៖ ក្តាន់ញ៉ែងឬឆ្វេងតូចដែលជាថនិកសត្វដែលមានមាឌតូចជាងគេក្នុងត្រកូលសត្វក្រចកជំពាម និងគ្មានស្តែង (ទម្ងន់ ខ្លួនប្រមាណ ២គីឡូក្រាម) ត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ថាជាប្រភេទអាស្រ័យលើកិច្ចអភិរក្សនៅតាមតំបន់ ជាក់លាក់ដែលវារស់នៅ។ នៅក្នុងប្រទេសកម្ពុជា សត្វក្តាន់ញ៉ែងមានវត្តមានរស់នៅស្ទើរគ្រប់ តំបន់ការពារធម្មជាតិ វាមានវត្តមាននៅតាមវាលស្មៅផងដែរនៅតំបន់ឥណ្ឌូចិន និងកោះបុរណេអូ។ យោងតាម ទិន្នន័យដែលទទួលបានពីម៉ាស៊ីនថតស្វ័យប្រវត្តិរបស់ក្រុមការងារក្រសួងបរិស្ថាននាពេលថ្មីៗនេះ ក្តាន់ញ៉ែងបាន បង្ហាញវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនានាក្នុងប្រទេសកម្ពុជា។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថានបានថ្លែងឱ្យដឹងថា ក្តាន់ញ៉ែងស្ថិតនៅ ក្នុងក្រុមសត្វមានដោយបង្គួរ ហើយសត្វប្រភេទនេះងាយរងគ្រោះថ្នាក់ ដោយសារតែការបរបាញ់ ឬការបណ្ដើរ សត្វឆ្កែទាក់ចាប់ដើម្បីយកសាច់ធ្វើជាអាហារ និងគ្រោះថ្នាក់ដោយសារសត្វព្រៃស៊ីសាច់ជាអាហារ។ លោកបាន ថ្លែងថា ក្តាន់ញ៉ែងតូចជាសត្វចូលចិត្តរស់នៅតែឯង និងជាគូនៅរដូវបន្តពូជ។ វាជាសត្វរាត្រីចរ។ ក្តាន់ញ៉ែងតូចជា ចំណីរបស់សត្វត្រកូលខ្លាមានដូចជាខ្លាពពក ខ្លាលឿងមាស ខ្លាភ្ញីថ្មកែវជាដើម។
យោងតាមការសិក្សាមួយដឹកនាំដោយលោក Thomas E. Gray ដែលបានបោះពុម្ពផ្សាយនៅឆ្នាំ២០១៨ ស្តីពី ការគណនាដង់ស៊ីតេរបស់សត្វក្តាន់ញ៉ែងតូចនៅក្នុងឧទ្យានជាតិក្រវ៉ាញខាងត្បូងបានបង្ហាញ ថា ដង់ស៊ីតេរបស់វាមានជាមធ្យម ៨១ក្បាល (ចន្លោះពី ៥៧-៩៨) ក្នុងមួយគីឡូម៉ែតក្រឡា។ ហើយក្តាន់ញ៉ែងតូច ធ្វើសកម្មភាពច្រើននៅចន្លោះពីម៉ោង ៥-៨ព្រឹក និងចន្លោះពីម៉ោង ៥-៧ល្ងាច។ ក្ដាន់ញ៉ែងជាថនិកសត្វដែលមាន មាឌតូចជាងគេក្នុងត្រកូលសត្វក្រចកជំពាម និងគ្មានស្នែង។ នៅលើដងខ្លួនពាសទៅដោយរោមពណ៌ត្នោត និង មានឆ្លតស ៣ជួរនៅក្រោមក។ ជើងមានទំហំធំជាងម្រាមដៃមនុស្សពេញវ័យ បន្តិច និងមានជើងក្រោយវែងជាងជើងមុខ។ ផ្នែកខាងក្រោមនៃដងខ្លួនមានពណ៌ស ឬព្រលែត។
ចំពោះជីវៈសាស្ត្រ សត្វក្តាន់ញ៉ែងជាសត្វរស់នៅតែឯកឯង លើកលែងតែក្នុងរដូវបន្តពូជ ទើបវារស់នៅ ជាគូ។ ជម្រកដ៏ល្អប្រសើរនៃសត្វនេះក៏ចូលចិត្តរស់នៅតាមរន្ធឈើ ក្រហែងថ្ម វាអាចរស់នៅតាមព្រៃឈើញីក ចង្រិត ឬព្រៃឫស្សីដែលត្រជាក់ហើយងងឹត។ រាជាសត្វរាត្រីចរ ចំណីអាហាររបស់វាគឺពន្លករុក្ខជាតិ ព្រួយ ស្លឹកឈើ ផ្កា ផ្លែឈើ និងទំពាំងឫស្សី។ ជាធម្មតា សត្វនេះធ្វើចលនាលោតត្រឹកៗ ផ្លោះយ៉ាងរហ័សនៅពេលមាន អាសន្ន តែក្រោយពីរត់បានបន្តិច តែងតែឈប់ញឹកញាប់ ហើយពិនិត្យមើលស្ថានភាពជុំវិញខ្លួនវា។ ក្នុង ការទាក់ទងគ្នា ក្តាន់ញ៉ែងតូចតែងគោះជើងក្រោយលើដី ឬអង្កត់ឈើយ៉ាងរហ័សជាសញ្ញាសម្គាល់។ សត្វនេះមាន សមត្ថភាពខ្ពស់ក្នុងការបង្កើតកូន ក្រោយពីបានពពោះរយៈពេល ១៥០ -១៧០ថ្ងៃ បង្កើតកូនបានមួយ ជួនកាល អាចភ្លោះតែមានដោយកម្រ។
ទាក់ទងនឹងការអភិរក្សសត្វព្រៃ រដ្ឋលេខធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា គូសបញ្ជាក់ថា ទោះបីជាស្ពាន់ ញ៉ែងស្ថិតក្នុងក្រុមប្រភេទសត្វដែលមានដោយបង្ខំក្នុងតំបន់ការពារធម្មជាតិ តែចាំបាច់ត្រូវតែបង្កើនការយកចិត្ត ទុកដាក់ការពារនិងអភិរក្សដូចប្រភេទសត្វផ្សេងៗទៀតដែរ។ សត្វព្រៃជាសម្បត្តិធម្មជាតិ ដែលមានតម្លៃមិនអាច កាត់ថ្លៃបានសម្រាប់ប្រទេសកម្ពុជា និងមានតម្លៃបំផុតសម្រាប់ជីវៈចម្រុះនិងប្រព័ន្ធអេកូឡូស៊ី។ ក្រសួងបរិស្ថានបាន រៀបចំនូវផែនការយុទ្ធសាស្រ្តផ្សេងៗដើម្បីការ ពារនិងអភិរក្សសត្វព្រៃនៅកម្ពុជាដោយផ្តោតសំខាន់លើការការពារ ព្រៃឈើដែលជាទីជម្រក កន្លែងចំណីអាហារ និងប្រភពទឹក ព្រោះកត្តាទាំងនេះសំខាន់ណាស់សម្រាប់ការរស់នៅ របស់សត្វព្រៃ។ លោកបានថ្លែងថាដោយសារតែការការពារ និងអភិរក្សធនធានធម្មជាតិមានភាពល្អប្រសើរ សត្វព្រៃជាពិសេសប្រភេទកម្រខ្លះមានចំនួនកើនឡើង ប្រភេទមួយចំនួនមានចំនួនស្ថេរភាព និងប្រភេទសត្វខ្លះ បន្តធ្លាក់ចុះដែលក្រសួងនិងស្ថាប័នពាក់ព័ន្ធ នឹងខិតខំបន្តទៀត៕
ដោយ ៖ សិលា