អន្តរជាតិ៖ បេីយោងតាមការលើកឡើងរបស់ប៉ូលីសថៃ កាលពីថ្ងៃអង្គារទី២៩ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញនេះថា សមត្ថកិច្ចជំនាញបានបេីកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យ៤នាក់ រួមជាមួយនឹងថ្នាំញៀនមេតំហ្វេតាមីន ជាង៨លានគ្រាប់នៅក្នុងខេត្ត ឡុប ប៊ូរី ប្រទេសថៃ។
ក្រុមប៉ូលីសថៃ បាននិយាយបន្ថែមថា ចំពោះការឃាត់ខ្លួនជនសង្ស័យទាំង ៤នាក់នេះ ក្នុងនោះបុរស ៣នាក់និងស្ត្រីម្នាក់ នៅត្រង់ចំណុចស្ថានីយសាំងមួយកន្លែង នៅក្នុងរថយន្តចំនួន ២គ្រឿងដោយធ្វើការឆែកឆេរជាក់ស្ដែង រកឃើញថ្នាំញៀនសរុប៨,៤១លានគ្រាប់នៅក្នុងថង់ចំនួន២១ស្បោង។
គួរបញ្ជាក់ថា ករណីបង្រ្កាបក្រុមជួញដូរគ្រឿងញៀនដ៏ច្រើនសន្ធឹកនេះ ធ្វើឡើងបន្ទាប់ពីកម្លាំងជំនាញ បានតាមព័ត៌មានទទួលច្បាស់ ទេីបឈានដល់ការបង្ក្រាបករណីថ្នាំញៀននេះ។
ដោយឡែកជនសង្ស័យទាំងអស់នេះ ត្រូវបានចោទប្រកាន់ពីបទជួញដូរថ្នាំញៀនខុសច្បាប់ និងមានបំណងលក់៕ដោយ៖សហការី