ភ្នំពេញ៖ ដើមឈើធំៗជាច្រើនដើមនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីក្នុងខណ្ឌទួលគោកត្រូវបានរលំបាក់សង្កត់មកលើផ្លូវ ក្រោយពីមានភ្លៀងមួយមេធំលាយឡំជាមួយនឹងខ្យល់កន្ត្រាក់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣និង២០នាទីរសៀល ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ដែលស្ថិតនៅចំណុចមុខមន្ទីពេទ្យកុមារជាតិ និងមុខក្រសួងការងារ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្សុី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញមេឃខ្មៅអួអាប់ ខណៈនោះ ស្រាប់តែមានភ្លៀងមួយមេធំលាយឡំជាមួយនឹងខ្យល់កន្ត្រាក់បានធ្វើឲ្យដើមឈើដែលស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ចាប់ពីមុខចំណុចមន្ទីរពេទ្យកុមារជាតិ រហូតមកដល់មុខចំណុចក្រសួងការងារ គឺបាក់របងមន្ទីរពេទ្យកុមារជាតិ២ផ្ទាំងនិងដើមឈើជាប់របងជាមួយគ្នា របងដែកកម្ពស់ជាង៥ម៉ែត្រទល់មុខមន្ទីរពេទ្យកុមារជាតិបានរលំ និងដើមឈើនៅមុខក្រសួងការងាររលំដល់ដីក្នុងនោះបានបណ្ដាលឲ្យសង្កត់លើឡំប្រឺតាមួយគ្រឿងរងការខូចខាត បណ្ដាលឱ្យស្រ្តីម្នាក់រងរបួសបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
ក្រោយពីមានហេតុការណ៍បាក់ដើមឈើរលំសង្កត់នេះរួចមក មន្ត្រីអាជ្ញាធរមូលដ្ឋានបានទាក់ទងទៅអាជ្ញាធរជំនាញក្រសួងសាធារណការ ចុះមកកាប់រះដើមឈើយកចេញពីលើផ្លូវ ដើម្បីសម្រួលដល់ការធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋឡើងវិញ ជៀសវាងបង្កការកកស្ទះចរាចរណ៍៕
ដោយ៖ រ៉ារ៉ា