ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដោះលែងអ្នកទោស៧០០នាក់នៅទីក្រុង Yangon

ចែករំលែក៖

សារព័ត៌មានរ៉យទ័រ បានដកស្រង់សម្តីលោក Zaw Zaw ប្រធានគ្រប់គ្រងមន្ទីរឃុំឃាំងដែលបានឱ្យដឹងថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា នឹងដោះលែងអ្នកទោស៧០០នាក់ ដែលបានឃុំខ្លួននៅក្នុងមន្ទីរឃុំឃំាង Insein ក្នុងទីក្រុង Yangon នៅថ្ងៃទី៣០ ខែមិថុនា ។
តាមការលើកឡើងរបស់លោក Zaw Zaw បានបញ្ជាក់ទៀតថា លោកមិនមានបញ្ជីឈ្មោះ ច្បាស់លាស់ស្តីពីអ្នកទោសដែលត្រូវដោះលែងនោះឡើយ ។ ប៉ុន្តែសារព័ត៌មាន BBC បានផ្សាយថា ការដោះលែងអ្នកទោសលើកនេះ រួមមានទាំងក្រុមបាតុករប្រឆាំងរបបយោធា ដែលបានចាប់ឃុំខ្លួនផងដែរ។
រូបភាពដែលបានបង្ហោះលើបណ្តាញសង្គមបង្ហាញឱ្យឃើញថា មានពលរដ្ឋជាច្រើនបានមករង់ចាំនៅខាងក្រៅមន្ទីរឃុំឃាំង Insein នាថ្ងៃទី២៩ ខែមិថុនា ។ មន្ទីរឃុំឃាំងនេះបានសាងសង់ឡើងតាំងពីសម័យអាណានិគម ស្ថិតនៅជាយក្រុង Yangon ។
តាមគេហទំព័រ Myanmar Now បានផ្សាយថា មានអ្នកទោសប្រមាណ ២ពាន់នាក់នឹងត្រូវដោះលែងឲ្យមានសេរីភាព ។ មន្ត្រីគ្រប់គ្រងមន្ទីរឃុំឃាំង បានបដិសេធលើកឡើងពីបញ្ហាខាងលើ។
ចាប់តាំងពីមេដឹកនាំគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ លោកស្រីអោងសាន ស៊ូជី ត្រូវកម្លាំងយោធាចាប់ខ្លួនក្រោយការធ្វើរដ្ឋប្រហារនៅថ្ងៃទី ១ខែកុម្ភៈមក តាំងពីពេលនោះមក មីយ៉ាន់ម៉ាបានធ្លាក់ក្នុងភាពអសន្តិសុខ។ បាតុកម្មបានកើតឡើងនៅគ្រប់ទិសទី ទាមទារដោះលែងលោកស្រីអោងសាន ស៊ូជី និងផ្តល់អំណាចទៅឲ្យរដ្ឋាភិបាលស៊ីវិលវិញ។
អំពើហិង្សាពាក់ព័ន្ធនឹងការធ្វើរដ្ឋប្រហារ បណ្តាលឲ្យមានមនុស្ស៨៨៣នាក់ស្លាប់ និងពលរដ្ឋជាង៥២០០នាក់ត្រូវបានយោធាចាប់ខ្លួន ក្នុងនោះមានបាតុករជាច្រើនត្រូវឃុំខ្លួន ៕

រូបភាព៖Myat Thu Kyaw/NurPhoto

ដោយ៖ ធីរីណា(រូបភាព៖Reuters )


ចែករំលែក៖