ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា-ឥណ្ឌូនេស៊ី បង្កើតកម្មវិធីជិះកង់ «បាទីក្រមា» នៅរមណីយដ្ឋានអង្គរ ដើម្បីបង្កើនទំនាក់ទំនង និងជំរុញការផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍

ចែករំលែក៖

ខេត្តសៀមរាប ៖ ក្រសួងទេសចរណ៍ និងអាជ្ញាធរជាតិអប្សរា បានសហការជាមួយស្ថានទូតឥណ្ឌូនេស៊ី បានចូលរួមកម្មវិធីជិះកង់ «បាទីក្រមា» នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នៅរមណីយដ្ឋានអង្គរ ក្នុងគោលបំណងបង្កើតទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាបង្កើនការផ្សព្វផ្សាយផ្នែកវប្បធម៌ និងទេសចរណ៍ផងដែរ។

សកម្មភាពរៀបចំកម្មវិធីនេះមានការចូលរួមជាអធិបតីដោយលោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា និងលោក ស៊ូរឌើរម៉ាន់ ហាសាំង (Sudirman Haseng) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំកម្ពុជា បានចូលរួមកម្មវិធីជិះកង់ផ្សារភ្ជាប់វប្បធម៌ បាទីក្រមា (Batik Kroma) ដែលជាកម្មវិធីធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ី។ កម្មវិធីនេះ ធ្វើឡើងក្នុងបំណងបង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាបង្កើនការផ្សព្វផ្សាយផ្នែកវប្បធម៌ និងទេសចរណ៍ផងដែរ។

លោក ស៊ូឌើរម៉ាន់ ហាសាំង មានលើកឡើងថា ព្រឹត្តិការណ៍ជិះកង់នេះធ្វើឡើងក្នុងបំណងរក្សា ក៏ដូចជាបង្កើនទំនាក់ទំនងរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ ជាមួយគ្នានោះ ការជិះកង់នេះក៏ដើម្បីបង្កើនការផ្សព្វផ្សាយផ្នែកវប្បធម៌ និងទេសចរណ៍ពីគ្នាទៅវិញទៅមកផងដែរ។

បន្ថែមពីនេះ លោកឯកអគ្គរដ្ឋទូតមានសុទិដ្ឋិនិយមថា ព្រឹត្តិការណ៍ជិះកង់នេះនឹងក្លាយជាគំរូមួយដ៏ល្អប្រសើរ ដើម្បីជាការចាប់ផ្តើមនៃការក្រោកឈរឡើងវិញ ប្រយុទ្ធប្រឆាំងនឹងស្ថានការណ៍ដ៏លំបាកក្នុងវិបត្តិជំងឺកូវីដ-១៩ នេះផងដែរ។

លោក ប៉ាក់ សុខុម បានកោតសរសើរចំពោះកម្មវិធីនេះថា បានបង្ហាញពីអតីតកាលរបស់ប្រទេសកម្ពុជា ក៏ដូចជាការបង្ហាញភាពប្រហាក់ប្រហែលគ្នានៃផ្នែកវប្បធម៌ និងអារ្យធម៌រវាងប្រទេសកម្ពុជា និងឥណ្ឌូនេស៊ី។

លោកបានបន្តថា ការរៀបចំកម្មវិធីជិះកង់នៅក្នុងខេត្តសៀមរាបនេះមិនមែនជារឿងចៃដន្យទេ ខណៈដែលខេត្តនេះត្រូវបានចាត់ទុកជាទីក្រុងវប្បធម៌នៃប្រទេសអាស៊ានសម្រាប់ឆ្នាំ២០២១-២០២២៕

ដោយ ៖ សិលា


ចែករំលែក៖