ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្លាប់ដោយសារឆ្លងចរន្តអគ្គិសនីឆ្នាំងដាំបាយពេលតខ្សែភ្លើង

ចែករំលែក៖

ខេត្តបាត់ដំបង៖ បើតាមលោក អ៉ឹង សុវណ្ណ ជាអធិការរងនគរបាលស្រុកថ្មគោលបានឲ្យដឹងថា មានបុរសម្នាក់បានស្លាប់ ដោយសាររូបគាត់តខ្សែភ្លើង ជួសជុលឆ្នាំងដាំបាយចរន្តអគ្គិសនី ហើយពេលកំពុងតែ ត នោះស្រាប់តែឆ្លងចរន្តអគ្គិសនី ពីឆ្នាំងដាំបាយអគ្គិសនី ឆក់ដួលនៅកន្លែងកើតហេតុស្លាប់តែម្ដង។  

លោក អធិការរងស្រុកថ្មគោលបានបន្តថា ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃពុធ ៦រោចខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីសក័ ព.ស .២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២១ នាវេលាម៉ោង ១៨និង៣០នាទីនៅចំណុចក្រុមទី២៦ ភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ 

បុរសដែលស្លាប់មានឈ្មោះ ម៉ៅ ឈាង ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅក្រុមទី២៦ ភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ 

បើតាមការបំភ្លឺរបស់ប្រពន្ធសពឈ្មោះ អន សារុំ  អាយុ៣៧ឆ្នាំ បានបំភ្លឺថា នៅថ្ងៃទី៣០ខែ មិថុនាឆ្នាំ២០២១ វេលាម៉ោង ប្រហែល៥ល្ងាចគាត់និងប្ដីបានរាយខ្សែភ្លើងខាងក្រោយផ្ទះ ពីកន្លែងផ្ទះបាយទៅបូមទឹកនៅខាងក្រៅ ហើយប្ដីរបស់គាត់នៅក្នុងផ្ទះបាយ កំពុងបោះខ្សែភ្លើងតាមបង្អួច។  ក្រោយមកគាត់ក៏បាត់ប្ដីមិនឃើញអឺតចេញពីបង្អួចមកក្រៅ គាត់ក៏ដើរទៅមើលស្រាប់តែឃើញប្ដីរបស់គាត់ដួលទ្រោមខ្លួនប៉ះលើឆ្នាំងដាំបាយអគ្គិសនី(វាចាស់) បណ្ដាលឲ្យឆក់ស្លាប់តែម្ដង។ 

ក្រោយមកសមត្ថកិច្ចជំនាញនគរបាលស្រុកថ្មគោល បានសហការជាមួយកម្លាំងនគរបាលប៉ុស្ថិ៍ឃុំជ្រៃ បានចុះមកពិនិត្យសាកសពបុរសដែលចរន្តអគ្គិសនីឆ្នាំងដាំបាយឆក់នោះ ហើយបានសន្និដ្ឋានថាសាកសពបុរសនោះពិតជាស្លាប់ដោយចរន្តអគ្គិសនីឆ្នាំងដាំបាយប្រើចរន្តអគ្គិសនីឆក់ប្រាកដមែន រួចបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ ស សារ៉េត


ចែករំលែក៖