ភ្នំពេញ ៖ យុវជនពិការភ្នែកម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម បន្ទាប់ពីដើរតាមផ្លូវត្រូវបានរថយន្តមិនស្គាល់ម៉ាកបើកបុកពេញទំហឹង រួចរថយន្តបង្កហេតុនោះព្យាយាមបើករត់គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ ចាន់ សុខភាព ភេទប្រុស អាយុជាង២០ឆ្នាំ ជាជនពិការភ្នែក និងធ្លាប់ជានិស្សិតឆ្នាំទី២ ស្នាក់នៅជាមួយឪពុកម្ដាយក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
តាមការរៀបរាប់ពីសាច់ញាតិជនរងគ្រោះបានប្រាប់ឱ្យដឹងថា ជនរងគ្រោះធ្លាប់ជានិស្សិតឆ្នាំទី២ តែក្រោយមកក៏មានជំងឺរលាកស្រោមខួរក្បាល ហើយក្រុមគ្រួសារខិតខំយកទៅមន្ទីរពេទ្យព្យាបាលដែរតែមិនជា ក៏ធ្លាក់ខ្លួនទៅជាមនុស្សពិការភ្នែកត្រឹមរយៈពេលជិត១ឆ្នាំចុងក្រោយនេះ ។ ប្រភពដដែលបានបន្តទៀតថា ក្នុងរយ:ពេលមួយអាទិត្យនេះ ជនរងគ្រោះចេះតែដើរចាកចេញពីផ្ទះ មានថ្ងៃខ្លះដើររហូតដល់ស្ពានព្រែកហូរឯណោះ ហើយត្រូវសាច់ញាតិតាមរកឃើញយកមកផ្ទះវិញ ហើយមុនថ្ងៃកើតហេតុនេះជនរងគ្រោះបានដើរចេញពីផ្ទះបាត់ តែសាច់ញាតិស្មានថាជនរងគ្រោះដើរលេងនៅក្បែរៗផ្ទះ ដោយមិនបានចាប់អារម្មណ៍នោះទេ។ លុះមកម៉ោងដល់កើតហេតុខាងលើ ក៏មានគេមកប្រាប់ថាជនរងគ្រោះត្រូវរថយន្តបុកស្លាប់ហើយ បន្ទាប់មកក៏បានគ្នានាំមកមើលឃើញជនរងគ្រោះត្រូវរថយន្តបុកស្លាប់ពិតប្រាកដមែន តែរថយន្តបង្កមិនបាននៅឈប់ដោះស្រាយនៅកន្លែងកើតហេតុនោះទេ ដោយបានបើកគេចខ្លួនបាត់ស្រមោលទៅហេីយ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហេីយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍មកពិនិត្យនៅកន្លែងកើតហេតុ និងបានធ្វេីកំណត់ហេតុប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ភារ៉ា ដង្កោ