ខេត្តពោធិ៍សាត់ ៖ យុទ្ធនាការចាក់វ៉ាក់សាំងជាលក្ខណ:ទ្រង់ទ្រាយធំជូនមន្ត្រីរាជការ កម្មករ កម្មការិនីរោងចក្រ និងបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តពោធិ៍សាត់ បានចាប់ផ្ដើមនៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ដោយបានរៀបចំកន្លែងចាក់ចំនួន៥កន្លែង ទី-១ នៅក្នុងបរិវេណសាលាខេត្តពោធិ៍សាត់ ទី-២ នៅការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសំពៅមាស ទី-៣ នៅវិទ្យាល័យពោធិ៍សាត់ ទី-៤ នៅរោងចក្រកាត់ដេរ(លានហ្វា)ឃុំស្នាមព្រះ ស្រុកបាកាន និងទី-៥ នៅរោងចក្រកាត់ដេរ(តៃអុីហ្ស៊ី)ឃុំស្នារអន្សារ ស្រុកក្រគរ ។ តាមការកំណត់របស់រដ្ឋបាលខេត្តពោធិ៍សាត់នៃទីតាំងទាំង៥ខាងលើ គឺចាក់លើកទី-១ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ ។ លើកទី-២ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ។ ពេលព្រឹកចាប់ពីម៉ោង៧ និង៣០នាទី ដល់ម៉ោង១១ និង៣០នាទី និងពេលរសៀលចាប់ពីម៉ោង១ដល់ម៉ោង៤រសៀល ។
យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅខេត្តពោធិ៍សាត់លើកទី-២ នេះ ហាក់បីដូចជាមានការផុលជាងលើកទី-១ គឺយើងបានសង្គេតឃើញទាំងមន្ត្រីរាជការ ភរិយា និងកូនចៅមន្ត្រីរាជការ អាជីវករ កម្មករ កម្មការិនី ប្រជាពលរដ្ឋ និងយុវជនដែលមានវ័យ១៨ឆ្នាំឡើងទៅ បាននាំគ្នាមកចាក់ស្ទើរគ្រប់គ្នា ។ ទាំងនេះសបញ្ជាក់ឃើញថា ពួកគាត់មានការយល់ដឹងកាន់តែច្បាស់អំពីអត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំង ដើម្បីបង្ការ និងការពារជំងឺកូវីដ-១៩ ព្រោះកន្លងមកមានជនអគតិមួយចំនួនដើរនិយាយមិនល្អអំពីការចាក់វ៉ាក់សាំងនេះ ធ្វើឲ្យមន្ត្រីរាជការ កម្មករកម្មការិនី អាជីវករ និងប្រជាពលរដ្ឋមួយចំនួនមិនទាន់ហ៊ានសម្រេចចិត្ត ។ ដោយមានការជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខនោះ លើកនេះបងប្អូនមានការចាប់អារម្មណ៍ និងបាននាំគ្នាមកចាក់វ៉ាក់សាំងយ៉ាងច្រើនកុះករគ្រប់ទីកន្លែង ។
លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោកបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀត បានដើរពិនិត្យមើលបងប្អូនប្រជាពលរដ្ឋដែលមកទទួលវ៉ាក់សាំងនៅតាមទីតាំងនីមួយៗ ហើយបានផ្ដល់អាទិភាពឲ្យមនុស្សចាស់ជរា ជនពិការ និងស្ត្រីកូនតូចចូលមុន ព្រមទាំងមានការពាក់ម៉ាស បាញ់អាល់កុល និងរក្សាគម្លាតពីគ្នាឲ្យបានត្រឹមត្រូវ ។ ការចាក់វ៉ាក់សាំងនេះមានសារៈសំខាន់ណាស់ គឺការពារកុំឲ្យឆ្លងជំងឺកូវីដ-១៩ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ដែលសព្វថ្ងៃនេះកំពុងរាតត្បាត និងមានអ្នកស្លាប់រាប់លាននាក់លើពិពភលោក ។ ដូច្នេះបងប្អូនដែលត្រូវចាក់វ៉ាក់សាំង សូមនាំគ្នាមកចាក់ឲ្យបានគ្រប់ៗគ្នា ដើម្បីគេចផុតពីជំងឺកូវីដ-១៩ ។ ចាប់តាំងពីផ្ទុះជំងឺកូវីដ-១៩មកដល់ពេលនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំខ្លាំងណាស់ក្នុងការរកវិធីសាស្ត្រគ្រប់បែបយ៉ាង ដើម្បីការពារនិងទប់ស្កាត់កុំឲ្យឆ្លង ព្រមទាំងបានស្វែងរកថវិកាពីសប្បុរសជន មកទិញវ៉ាក់សាំងចាក់ជូនមន្ត្រីរាជការ កម្មករ កម្មការិនី និងប្រជាពលរដ្ឋយើងទៀតផង ។ ការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ នេះ គឺមិនមានការយកលុយយកកាក់នោះទេ តែបើមានអ្នកប្រព្រឹត្តិបែបនេះ និងត្រូវជាប់ទោសជាក់ជាមិនខាន ។
សូមឲ្យបងប្អូនដែលមកទទួលវ៉ាក់សាំងលើកទី១ នេះ ត្រូវមកទទួលជាលើកទី២ម្ដងទៀត តាមការកំណត់របស់ក្រុមគ្រូពេទ្យ ។
សូមបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ នៅខេត្តពោធិ៍សាត់នេះ ជាលើកទី២ហើយ ដែលលើកទីមួយកាលពីខែមេសា ឆ្នាំ២០២១ បានចំនួន១៤.៧៩៧នាក់ និងលើកទី២នេះទទួលបានវ៉ាក់សាំងពីក្រសួងសុខាភិបាលចំនួន៦១.៦៤៨ដូស(ប្រភេទស៊ីណូវ៉ាក់) សម្រាប់ចាក់ចំនួន៣០.៨២៤នាក់ និងមានយុទ្ធនាការចាក់ជាបន្តបន្ទាប់ទៀតរហូតគ្រប់គ្នាតែម្ដង តាមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ៕
ដោយ ៖ បុឹម ពិន