ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ើស២ចុះល្បាតនៅក្នុងភូមិសាស្ត្របានជួបនិងឃាត់ខ្លួនមុខសញ្ញាជនសង្ស័យម្នាក់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ​ ៖​ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលប៉ើស២ សហការជាមួយកម្លាំងប្រជាការពារបានឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​គ្រាដែល​ជននេះឈររេរារួចព្យាយាមបោះចោលកញ្ចប់​ថ្នាំញៀនបម្រុងរត់គេចខ្លូនពេលឃើញកម្លាំងសមត្ថកិច្ចនៅចំណុចខ្ទមចាំស្រែខាងត្បូងភូមិប៉ើស ឃុំប៉ើស២ នាយប់ថ្ងៃទី០១ខែកក្កដាឆ្នាំ២០២១​។ 

សមត្ថកិច្ច​ឱ្យដឹងថា​ នៅពេលកម្លាំងចុះល្បាតក្នុងភូមិសាស្ត្រខាងលេីបាន​ប្រទះឃើញមុខសញ្ញាសង្ស័យម្នាក់ឈ្មោះ ខាន់ លីតា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិទួលសម្បត្តិ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ កំពុងឈររេរានៅក្បែរខ្ទមចាំស្រែនោះ ។ ឃើញដូច្នេះ កម្លាំងយើងបានជិះម៉ូតូចូលទៅជិតបម្រុងហៅឈ្មោះខាងលើមកធ្វើការសាកសួរ តែជននេះពេលឃើញសមត្ថកិច្ចយើងក៏បោះថ្នាំញៀនចំនួន១កញ្ចប់ទៅទើរលើគុម្ពស្រូវខាងជើងខ្ទម ភ្លាមនោះកម្លាំងនគរបាលយើងក៏បានចុះទៅរើសយកថ្នាំញៀន និងឃាត់ខ្លួនជនសង្ស័យរូបនេះតែម្តង ។

ការឃាត់​ជននេះ​ដោយមានការឯកភាពពីលោកឧត្តមសេនីយ៍ត្រី ហុង ណាក់ ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន និងមានការសម្របសម្រួលពីលោក សូ សុវិទ្យា ព្រះរាជអាជ្ញាររង នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ។ 

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងខាងលើត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី ៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖