ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ទំនងស្រវឹងស្រាបើកម៉ូតូលឿនជ្រុលទៅបុកជាមួយរថយន្តម៉ាកព្រូសរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់សង្ស័យថាស្រវឹងស្រាខ្លាំងហើយបានជិះម៉ូតូ​ប្រើប្រាស់​ល្បឿន​លឿនទៅបុកជាមួយរថយន្តម៉ាកព្រូសក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិកាលពីវេលាម៉ោង១២និង២៥នាទី ថ្ងៃទី២ខែកក្កដាឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៣១៦ ត្រង់ចំណុចភូមិ​ស្វាយតាយាន ឃុំ ស្វាយតាយាន ស្រុកកំពង់រោទ៍។

  នគរបាលស្រុកកំពង់រោទ៍បានឱ្យដឹងថាបុរសដែលរងរបួសមានឈ្មោះ ឌឹម រតនា  អាយុ​ ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិធ្នង់ ឃុំរមាំងថ្កោល ស្រុក ស្វាយទាប ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគី(Nex)  ពាក់ស្លាកលេខ ភ្នំពេញ ១HF-៨៦០៤រងការខូចខាតយ៉ាងដំណំ។

  ចំណែកអ្នកបើករថយន្តមានឈ្មោះ វិន លីណា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ លក់ទូរស័ព្ទ មានទីលំនៅភូមិត្រោក ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ បើករថយន្តម៉ាក ព្រូស ពណទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២BI-០៧៨៧។

   តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុបុរសរងគ្រោះនេះបានជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ុយគី(Nex)  ពាក់ស្លាកលេខ ភ្នំពេញ ១HF-៨៦០៤នៅលើផ្លូវជាតិលេខ៣១៦ក្នុងទិសដៅពីត្បូងទៅជើងទំនងជាស្រវឹងស្រាហើយប្រើប្រាស់ល្បឿនលឿន ស្រាប់តែទៅបុកជាមួយរថយន្តម៉ាក ព្រូស ពណទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ២BI-០៧៨៧ដែលបើកក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

   ក្រោយមកសមត្ថកិច្ចជំនាញបានមកដល់ធ្វើការវាស់វែងយកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ និងអូសយកវត្តុតាងរថយន្ត និងម៉ូតូទៅមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាល​ស្វាយតាយាន​ដើម្បីដោះស្រាយតាមច្បាប់៕

ដោយ៖ យឹម សុថាន


ចែករំលែក៖