ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី បង្ហាញពីជនល្មើស ប្រើប្រាស់គណនីដាក់រូបលោក ក្នុងបំណងទុច្ចរិតណាមួយ សូមសាធារណៈជនទាំងអស់ មេត្តាប្រុងប្រយ័ត្នខ្ពស់ !

ចែករំលែក៖

ភ្នំពេញ៖ លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់យ៉ាងដូច្នេះថា, ជនល្មើស ប្រើប្រាស់គណនីដាក់រូបលោក ក្នុងបំណងទុច្ចរិតណាមួយ សូមសាធារណៈជនទាំងអស់ មេត្តាប្រុងប្រយ័ត្នខ្ពស់ ! 

លោក ហ៊ុនម៉ានី បានថ្លែងថា, ខ្ញុំសូមគោរពជម្រាបជូនសាធារណៈជនទាំងអស់មេត្តាជ្រាបថា គណនី ដូចដែលមានឈ្មោះ និងរូបខាងក្រោមនេះ មិនមែនជាគណនីរបស់ខ្ញុំឡើយ។ ក្នុងន័យនេះ សូមសាធារណៈជនទាំងអស់ មេត្តាប្រុងប្រយ័ត្នខ្ពស់ ក្នុងករណី ដែលជនល្មើស ប្រើប្រាស់គណនីនេះក្នុងបំណងទុច្ចរិតណាមួយ។ សូមអរគុណ។

សូមបញ្ជាក់ថា, លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តែងមានទស្សនៈល្អៗបង្ហោះ facebook ផ្លូវការរបស់គាត់ ជាមួយផ្នត់គំនិតបញ្ញវ័ន្ត ជាតិនិយម គិតផលប្រយោជន៍ជាតិជាធំ ។ ក្នុងនោះលោកតែងលើកនូវគំនិតល្អៗក្នុងនាមថ្នាក់ដឹកនាំ ប្រកបគតិបណ្ឌិត , ដូចជាពាក្យពេចន៍ខ្លះៗថា ,

ពាក្យថា«សន្តិភាព» ងាយស្តាប់ ងាយនិយាយណាស់ តែប្រសិនបើយើងធ្វេសប្រហែសតែបន្តិចក្នុងការថែរក្សាសុខសន្តិភាព យើងងាយនឹងប្រឈមជាមួយការបាត់បង់អ្វីៗទាំងអស់។ 

បើគ្មាន«សន្តិភាព» កុំថាឡើយសិទ្ធិសេរីភាពផ្សេងៗ សូម្បីអាយុជីវិតក៏ស្ថិតក្នុងភាពគំរាមកំហែងដែរ។ សន្តិភាព គឺមានសារៈសំខាន់ណាស់នៃសង្គមជាតិមួយ ជាមូលដ្ឋានគ្រឹះនៃអ្វីៗគ្រប់យ៉ាង។ មានសន្តិភាពទើបកិច្ចការសង្គម សេដ្ឋកិច្ច និងនយោបាយ អាចដំណើរការទៅមុខបានដោយរលូន ប្រជាជនក៏អាចរស់នៅ ប្រកបរបរចិញ្ចឹមជីវិតតាមធម្មតា ដោយគ្មានការភ័យខ្លាច និងសុខុដុមរមនា។ 

មេរៀនប្រវត្តិសាស្រ្តធ្លាប់បានបង្ហាញរួចមកហើយ នៅពេលដែលសុខសន្តិភាពត្រូវបានបាត់បង់ នៅពេលដែលឯកភាពជាតិ សាមគ្គីភាពផ្ទៃក្នុងត្រូវបានបែកបាក់ នៅពេលទស្សនជាតិរួមត្រូវបានញំញី ដែលបណ្តាលឱ្យមជ្ឍដ្ឋានខាងក្រៅឆ្លៀតឱកាស ញុះញង់ រុញស្ថានការណ៍ឱ្យកាន់តែធ្ងន់ធ្ងរ រហូតធ្វើឱ្យមានការបែងចែកកម្លាំងក្នុងប្រទេស ដែលអាចបណ្តាលឱ្យប្រទេសជាតិ ធ្លាក់ក្នុងភ្លើងសង្គ្រាមផ្ទៃក្នុងបានក្នុងមួយប៉ព្រិចភ្នែក។

ដូច្នេះ «កត្តាសុខសន្តិភាព ជាកត្តាដាច់ខាត និងមិនអាចចរចា ដោះដូរ ឬតថ្លៃបាននោះទេ ទោះក្នុងតម្លៃណាក៏ដោយ»៕

ដោយ ៖ សិលា


ចែករំលែក៖