ភ្នំពេញ៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃសៅរ៍ ៩រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ លោក វ៉ូ ក្វាង មិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសមពិភាក្សាការងារ និងជម្រាបលា ក្នុងឱកាសដែលលោកត្រូវចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងជំនួបនោះ លោក វ៉ូ ក្វាង មិញ (Vu Quang Minh) បានគោរពជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ឯកឧត្តមពិតជាមានកិត្តិយសណាស់ដែលបានមកបំពេញបេសកកម្មកាទូតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ក្នុងរយៈពេល៣ឆ្នាំ៧ខែកន្លងមកនេះ លោកបានសង្កេតឃើញថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺមានការរឹងមាំ និងមានការរីកចម្រើន ដោយឡែកវិស័យវិនិយោគ ពាណិជ្ជកម្មក៏មានការកើនឡើងផងដែរ។ លោកបានគោរពថ្លែងអំណរគុណចំពោះសម្ដេចតេជោ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ផងដែរដែលបានចូលរួមចំណែកសហការជាមួយឯកឧត្តមក្នុងសកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា អោយទទួលបាននូវភាពជោគជ័យមកដល់ពេលនេះ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានយល់ស្របជាមួយអ្វីដែលឯកឧត្តមបានលើកឡើង និងបានថ្លែងអំណរគុណជូនលោកដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តបំពេញបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានការរីកចំរើនកាន់តែរឹងមាំ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានជម្រាបជូនលោកថា ក្នុងកាលៈទេសៈនេះអ្វីដែលគប្បីត្រូវធ្វើគឺ៖
ទី១) ការគ្រប់គ្រងប្រយុទ្ធប្រឆាំងនឹងជំងឺកូវី១៩ តាមរយៈវិធានការសុខាភិបាល តែធ្វើយ៉ាងណាកុំរារាំងដំណើរការពាណិជ្ជកម្ម
ទី២) បន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ
ទី៣)ពិនិត្យមើលវិស័យដទៃទៀតដែលប្រទេសទាំងពីរអាចជំរុញធ្វើការរួមគ្នាបាន
មុននឹងបញ្ចប់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានជូនពរឱ្យលោកទទួលបាននូវភាពជោគជ័យក្នុងបេសកកម្មការងារជាបន្តបន្ទាប់ទៀត៕
ដោយ៖ សូរិយា