ភ្នំពេញ៖ នាព្រឹក ថ្ងៃសុក្រ ទី០២ ខែកក្កដា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ បានបន្តចាត់ឲ្យក្រុមការងារ ដែលមាន លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាតំណាង នាំយកអំណោយជាស្បៀងរួមមាន អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ ព្រមទាំងឱសថបុរាណចិនព្យាបាលក្អក ផ្តាសសាយ ក្តៅខ្លួន ឈឺក្បាល ការពារសួត ឧបត្ថម្ភដល់ប្រជាពលរដ្ឋ១៨នាក់ ដែលជាប់ពាក់ព័ន្ធជាមួយបុគ្គលមានវិជ្ជមានជំងឺកូវីដ-១៩ កំពុងធ្វើចត្តាឡីស័កតាមផ្ទះរៀងៗខ្លួន ក្នុងភូមិព្រែកថ្លឹង ភូមិស្រីស្នំ និងភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។
ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជូនចំពោះ ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កតាមផ្ទះរៀងខ្លួនទាំងអស់ សូមអត់ធ្មត់នៅដាច់ដោយឡែកបន្តមួយរយៈទៀត ដើម្បីឲ្យប្រាកដថាមានសុវត្ថិភាព ជៀសឆ្ងាយពីជំងឺឆ្លងកូវីដ-១៩ និងសូមចូលរួមអនុវត្តឲ្យបាននូវវិធានការ ៣ការពារ ៣កុំ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវិធានការនានា របស់ក្រសួងសុខាភិបាល ក្នុងការចូលរួមបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ផងដែរ៕
ដោយ៖ ចន្ទ លីហ្សា