ព័ត៌មានទាន់ហេតុការណ៍៖

ឆេកប៉ះដាណឺម៉ាក ខណៈអង់គ្លេសមានសង្ឃឹមខ្ពស់ពេលប៉ះអ៊ុយក្រែន

ចែករំលែក៖

ការប្រកួតវគ្គ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ដណ្តើមជើងឯកយូរ៉ូ២០២០នៅរាត្រីនេះ មាន២គូទៀតដែលនឹងត្រូវប្រកួតនៅវេលាម៉ោង១១យប់ និងម៉ោង២រំលងអធ្រាត្រ។ ក្នុងនោះក្រុមសាធារណរដ្ឋឆេកត្រូវប៉ះក្រុមឡើងជើងដាណឺម៉ាក និងក្រុមខ្លាំងតោកំណាចអង់គ្លេសប៉ះអ៊ុយក្រែន។

យោងតាមតារាងផ្គូរផ្គងរបស់ soccerway បានបង្ហាញថា ក្រោយពីរកឃើញ២ក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីយប់មិញ ការប្រកួតនៅសល់២គូទៀត ក្នុងនោះក្រុមជម្រើសជាតិឆេកក្នុងវគ្គជម្រុះតាមពូលគឺឈ្នះស្កុតឡេន២ទល់០, ស្មើក្រូអាត១ទល់១ និងចាញ់អង់គ្លេស១ទល់០។ ចូលដល់វគ្គ១៦ក្រុមចុងក្រោយ ឆេកមានឱកាសយកឈ្នះក្រុមខ្លាំងហុល្លង់២ទល់០។

ចំណែកក្រុមដាណឺម៉ាកវិញ ក្នុងវគ្គជម្រុះតាមពូលគឺចាញ់ហ្វាំងឡង់១ទល់០, ចាញ់បែលហ្ស៊ិក២ទល់១ និងឈ្នះរុស្ស៊ី៤ទល់១។ ចូលដល់វគ្គជម្រុះ១៦ក្រុមចុងក្រោយ ដាណឺម៉ាកយកឈ្នះក្រុមខ្លាំងវែល៤ទល់០។ សម្រាប់ការប្រកួតរវាងក្រុមឆេកនឹងដាណឺម៉ាករាត្រីនេះ ប្រវត្តិជួបគ្នារវាងក្រុមទាំង២ក្នុង៧ប្រកួតចុងក្រោយគឺ ឆេកឈ្នះ១ដង, ដាណឺម៉ាកឈ្នះ១ដង និងស្មើគ្នា៥ដង ប៉ះគ្នាចុងក្រោយក្នុងជំនួបមិត្តភាពអន្តរជាតិគឺស្មើគ្នា១ទល់១។

ដោយឡែកក្រុមខ្លាំងតោកំណាចអង់គ្លេសត្រូវប្រកួតជាមួយក្រុមឡើងជើងអ៊ុយក្រែនវេលាម៉ោង២រំលងអធ្រាត្រនេះ ក្នុងនោះអង់គ្លេសក្នុងវគ្គជម្រុះតាមពូល ឈ្នះក្រូអាត១ទល់០, ស្មើជាមួយស្កុតឡេន០ទល់០ និងឈ្នះឆេក១ទល់០។ ចូលដល់វគ្គជម្រុះ១៦ក្រុមចុងក្រោយ អង់គ្លេសយកឈ្នះក្រុមខ្លាំងអាល្លឺម៉ង់ក្នុងលទ្ធផល២ទល់០។

រីឯក្រុមអ៊ុយក្រែនវិញក្នុងវគ្គជម្រុះតាមពូលគឺចាញ់ហុល្លង់៣ទល់២, ឈ្នះម៉ាសេដូនៀ២ទល់១ និងចាញ់អូទ្រីស១ទល់០។ ចូលដល់វគ្គ១៦ក្រុមចុងក្រោយ អ៊ុយក្រែនបានយកឈ្នះស៊ុយអែត២ទល់១ក្នុងម៉ោងបន្ថែម ក្រោយពីលទ្ធផលស្មើគ្នា១ទល់១ក្នុងរយៈពេល៩០នាទី។

ជំនួប៧ប្រកួតចុងក្រោយរវាងអ៊ុយក្រែននឹងអង់គ្លេសគឺ អង់គ្លេសឈ្នះ៤ដង, អ៊ុយក្រែនឈ្នះ១ដង និងស្មើ២ដង។ ប្រកួតចុងក្រោយក្នុងកម្មវិធីជម្រុះ World Cup តំបន់អឺរ៉ុប លទ្ធផលស្មើគ្នា១ទល់១។ ក្នុងជំនួបនេះគេជឿថា អង់គ្លេសអាចបំបែកកំណត់ត្រាយកឈ្នះទៀត បើយោងតាមប្រវត្តិជួបគ្នាខាងលើនេះ ៕

ដោយ៖ ភារៈ


ចែករំលែក៖