ភ្លៀងធ្លាក់ខ្លាំងបង្កឲ្យបាក់ដីក្លាយទៅជាភក់ល្បាប់ដ៏ដំនៅតំបន់ភាគនិរតីទីក្រុងតូក្យូនៅថ្ងៃទី ៣ ខែកក្កដា បណ្តាលឱ្យមនុស្ស១៩ នាក់បាត់ខ្លួន និងបំផ្លាញផ្ទះយ៉ាងតិច១០ខ្នង។
ជោគវាសនារបស់មនុស្ស១៩នាក់បាត់ខ្លួននៅក្រោមគំនរភក់ល្បាប់ មិនទាន់ដឹងនៅឡើយទេ ហើយក្រុមជួយសង្គ្រោះបានខិតខំស្វែងរកនិងជួយសង្គ្រោះនៅតំបន់បាក់ដីភក់ល្បាប់ ស្ថិតនៅតំបន់ Atami ខេត្ត Shizuoka ។
រូបភាពដែលបណ្តាញទូរទស្សន៍ជប៉ុនបានផ្សាយបង្ហាញឲ្យឃើញថា ភក់ល្បាប់បានបំផ្លាញផ្ទះជាច្រើនខ្នងនៅតំបន់ Atami ។ ជំនន់ភក់ល្បាប់បានហូរមកពីផ្លូវនៅជើងភ្នំធ្វើឲ្យមនុស្សជាច្រើនខិតខំរត់ចេញពីផ្ទះសម្បែងទៅកាន់តំបន់សុវត្ថិភាព។
ហេតុការណ៍ខាងលើកើតឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី ៣ខែកក្កដា។ ប្រភពព័ត៌មានបានឱ្យដឹងថា ផ្ទះជាច្រើនខ្នងត្រូវបានហូរទៅជាមួយភក់ល្បាប់។ ជាមួយគ្នានេះដែរ ផ្ទះជាង២០០ខ្នងនៅក្នុងតំបន់មិនមានអគ្គិសនីប្រើប្រាស់ឡើយ។
នាយករដ្ឋមន្ត្រីជប៉ុន លោក Suga Yoshihide បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីទទួលបន្ទុកគ្រោះធម្មជាតិ ក្រោយទទួលបានព័ត៌មាន ដើម្បីពិភាក្សាលើវិធានការជួយដល់ពលរដ្ឋរងគ្រោះ។
ជំនន់ភក់ល្បាប់កើតឡើងដោយសារតែភ្លៀងធ្លាក់ខ្លាំងដូចចាក់ទឹក នៅតំបន់ទីក្រុងតូក្យូនិងតំបន់ Tokai ភាគកណ្តាលនៃប្រទេសជប៉ុន ។ ទឹកទន្លេនៅតំបន់ Hiratsuka ក្នុងខេត្ត Kanagawa បង្ខំឲ្យមន្ត្រីរដ្ឋាភិបាលក្នុងតំបន់ ប្រកាសអាសន្នឲ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ និងជម្លៀសពលរដ្ឋទៅកាន់តំបន់មានសុវត្ថិភាព។ ជាមួយគ្នានេះ នៅទីក្រុង Yokohama, Chiba និង Shizuokaក៏បានប្រកាសជម្លៀសពលរដ្ឋនៅតំបន់ប្រឈមគ្រោះថ្នាក់។
នៅក្នុងតំបន់ Atami មានភ្លៀងធ្លាក់ខ្លាំង ដោយមានកម្រិតទឹកភ្លៀងដល់ទៅ៣១៣មិល្លីម៉ែត្រក្នុងរយៈពេល៤៨ម៉ោង៕
ដោយ៖ ធីរីណា(រូបភាព៖ AFP)