ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកបញ្ច្រាសគ្នារបួសមនុស្សប្រុសស្រី២នាក់ផ្អើលអ្នកភូមិទាំងព្រឹក

ចែករំលែក៖

ខេត្តស្វាយរៀង៖ ម៉ូតូ២គ្រឿងបុកគ្នាបណ្ដាលឱ្យមនុស្សប្រុសស្រី២នាក់រងរបួសធ្ងន់ស្រាលបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចមកអន្តរាគមន៍ជួយសង្គ្រោះទាំងព្រឹក។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៥០នាទីព្រឹកថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០២១ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៥៦-១៥៧ ស្ថិតនៅក្នុងភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថាម៉ូតូបង្កហេតុមានម្ចាស់ឈ្មោះសុត ផា  អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់អេតចាយ រស់នៅភូមិសំឡី ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកHONDA C១២៥ ព៌ណ ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម១K-៧៧៦៦ខូចខាតយ៉ាងដំណំ។

ចំណែកភាគីម្ខាងទៀតមាន ឈ្មោះ រុន មុនីនាត ភេទ ស្រី អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រជីហ្វា រស់នៅភូមិចំបក់គុយ ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងបើកបម៉ូតូម៉ាក HONDA C១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១FK-០៥៣៩។

តាមសាក្សីបានអោយដឹងថាមុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូម៉ាកHONDA C១២៥ ព៌ណ ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម១K-៧៧៦៦ក្នុងទិសដៅពីត្បូងទៅជើងនៅលើផ្លូវជាតិលេខ១ មិនគោរពសិទ្ធិអាទិភាពស្រាប់តែទៅបុកនិងម៉ូតូមួយគ្រឿងម៉ាកHONDA C១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១FK-០៥៣៩ក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលទាំងព្រឹក។

ក្រោយមក អ្នករងរបួសទាំង ០២ នាក់ត្រូវបានសមត្ថកិច្ចដឹកមក សំរាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង និងធ្វើការវាស់វែងអូសយកម៉ូតូទាំង២គ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីចាត់ការតាមច្បាប់ ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖