ខេត្តព្រះសីហនុ ៖ បើយោងតាមប្រភពពី៖ រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់អោយដឹងថា, នៅព្រឹកថ្ងៃអាទិត្យ ទី៤ ខែកក្កដា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យអគាររដ្ឋបាលក្រុងកោះរ៉ុង និងមណ្ឌលសុខភាពកោះរ៉ុង ស្ថិតនៅក្នុងភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដែលកំពុងដំណើរការសាងសង់រាល់ថ្ងៃ។ ជាមួយនេះលោក ក៏បានអញ្ជើញទៅមើលការសាងសង់អគារផ្នែកប្រតិបត្តិការសឹករងក្រុងកោះរ៉ុងផងដែរ ដែលទាំងអស់នេះគឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។
សូមជម្រាបផងដែរថា អាគាររដ្ឋបាលក្រុងកោះរ៉ុង សម្រេចបានប្រមាណជាង ៧៥ភាគរយ មណ្ឌលសុខភាពកោះរ៉ុងសម្រេចបានប្រមាណជាង ១០០ភាគរយ និងអគារផ្នែកប្រតិបត្តិការសឹករងក្រុងកោះរ៉ុង សម្រេចបានប្រមាណជាង ៧៥ ភាគរយ។
បន្ទាប់ពីបានចុះពិនិត្យការការសាងសង់អគារទាំង៣ រួចមកលោកអភិបាលខេត្ត បន្តទៅពិនិត្យទីតាំងចាក់វ៉ាក់សាំង ដូសទី២ ជូនបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅសង្កាត់កោះរ៉ុង។
លោកអភិបាលខេត្តបានអំពាវនាវបងប្អូនប្រជាពលរដ្ឋ ដែលបានចាក់វ៉ាក់សាំងដូសទី២ រួចហើយក៏ដោយ ប៉ុន្តែត្រូវអនុវត្តទៅតាមក្រសួងសុខាភិបាល និងអនុវត្តតាមអនុសាសន៍ ៣កុំ ៣ការពារ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីការពារកុំឱ្យឆ្លងជំងឺកូវីដ-១៩៕
ដោយ ៖ សិលា